នៅ ​ថ្ងៃ​ចន្ទ​នេះ​ធនាគារ​កណ្ដាល​របស់​ប្រទេស​ G7 បាន​ជួប​ប្រជុំ​គ្នា​ហើយ​​ប្តេជ្ញា​ ​ថា​នឹង​ចាត់​វិធានការណ៍​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​មាន​លំនឹង​ឡើង​ វិញ។
“យើង​ប្ដេជ្ញា​ថា ​នឹង​ចាត់​វិធានការណ៍​ដើម្បី​ធានា​នូវ​ទុន​បង្វិល​ដើម្បី​ជួយ​គាំទ្រ​ឲ្យ​ មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ និង​ការ​រីកចម្រើន សេដ្ឋកិច្ច​នៅ​ខណៈ​ដែល​អាមេរិក​ និង​អឺរ៉ុប​កំពុង​តែ​​ប្រឈម​វិបត្តិ​បំណុល​និង​ឱនភាព​ហិរញ្ញវត្ថុ” ។ នេះ​បើ​យោង​តាម​​របាយការណ៍​រួម​របស់​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​​ G7 ​រួម​មាន​ប្រទេស​ អង់គ្លេស កាណាដា បារាំង​ អាល្លឺម៉ង់​ ជប៉ុន អ៊ីតាលី និង​អាមេរិក។
ថ្មីៗ​នេះ ​ក្រុមហ៊ុន​​ Standard & Poor’s ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​អាមេរិក បាន​កាត់​សក្ដានុពល​អាមេរិក​ផ្នែក​សេដ្ឋកិច្ច​ពី​ចំណាត់​ថ្នាក់AAA មក​AA+ ដោយ​សារ​តែ​ប្រទេស​នេះ​កំពុង​តែ​ជួប​វិបត្តិ​បំណុល ​និង​ឱនភាព​ថវិកា​ធ្ងន់ធ្ងរ។ ចំពោះ​ការ​ធ្លាក់​​ចំណាត់​ថ្នាក់​នេះ ជប៉ុន​ដែល​ជា​ប្រទេស​ម្ចាស់​បំណុល​ធំ​ទី​២បន្ទាប់​ពី​ចិន បាន​អះអាង​ថា ​ជប៉ុន​នៅ​តែ​មាន​ទំនុក​ចិត្ត​ចំពោះ​សញ្ញាប័ណ្ណ​របស់​រដ្ឋាភិបាល​អាមេរិក​ ហើយ​​អូស្ត្រាលី​​ បារាំង​និង​កូរ៉េ​ខាង​ត្បូង​ក៏​យល់​ស្រប​ជាមួយ​ជប៉ុន។
ដោយ​ឡែក​ ភ្នាក់ងារ​ឥណទាន​ចិន​​យល់​ថា​ ការ​ធ្លាក់​ចុះ​ចំណាត់​ថ្នាក់​នេះ​ នឹង​នាំ​ឲ្យ​មាន​ចលាចល​រយៈ​ពេល​វែង​ ហើយ​ចិន​នឹង​ជួប​ហានិភ័យ​​ដែល​ខ្លួន​​កំពុង​តែ ​កាន់​ប័ណ្ណ​រតនាគារ​របស់​អាមេរិក​ដែល​មាន​តម្លៃ​​សរុប​​​១.១៦​ពាន់​ពាន់​ លាន​ដុល្លារ​ គិត​ត្រឹម​​ខែ​ឧសភា​ ឆ្នាំ​២០១១​នេះ​​។ លើស​ពី​នេះ​​ ចិន​ក៏​ធ្លាប់​រិះគន់​អាមេរិក​ដែល​បាន​បង្កើត​ច្បាប់​ដំឡើង​ប្រាក់​បំណុល​ផង ​ដែរ៕
បកប្រែ៖ ផេង ស៊ីថាន