Tuesday, August 2, 2011

អ្វី​ជា​ប័ណ្ណ​ភាគហ៊ុន​?

ដូច​ដែល​មិត្ត​យុវវ័យ​ធ្លាប់​ដឹង​ហើយ​ថា ​នៅ​លើ​ទី​ផ្សារ​មូលបត្រ មាន​លក់​នូវ​ឧបករណ៍​ហិរញ្ញវត្ថុ​២យ៉ាង​សំខាន់​ៗ​គឺ សញ្ញាប័ណ្ណ​ (Bond) និង​ប័ណ្ណ​ភាគហ៊ុន(Stock)។ ដើម្បី​ឲ្យ​មិត្ត​យុវវ័យ​ទទួល​បាន​នូវ​ចំណេះ​ដឹង​​ថ្មី​ ផ្នែក​ហិរញ្ញវត្ថុ​ស្រប​ទៅ​នឹង​កម្ពុជា​ដែល​ទើប​តែ​បើក​ទី​ផ្សារ​មូលបត្រ ផង​នោះ Sabay សូម​លើក​យក​ប័ណ្ណ​ភាគហ៊ុន​មក​ធ្វើ​ការ​បកស្រាយ​នៅ​ក្នុង​ទំព័រ​នេះ។
ពាក្យ​​ថា Stock អាច​ហៅ​បាន​ពីរ​បែប​ថា​ ប័ណ្ណ​ភាគហ៊ុន​ឬ​មូលបត្រ​កម្មសិទ្ធិ ហើយ​ប័ណ្ណ​ភាគហ៊ុន​ត្រូវ​បាន​ចែក​ជា​២ប្រភេទ​គឺ​ភាគហ៊ុន​មាន​សិទ្ធិ​បោះឆ្នោត​ឬ​ភាគហ៊ុន​ធម្មតា (Common Stock) និង​ភាគហ៊ុន​បុរិមា​ឬ​ភាគហ៊ុន​អាទិភាព(Preferred Stock)
ភាគហ៊ុន​ធម្មតា (Common Stock)

ភាគហ៊ុន​ធម្មតា​គឺ​ជា​ប្រភេទ​ភាគហ៊ុន​ម្យ៉ាង​ ដែល​ម្ចាស់​ភាគ​ហ៊ុន​អាច​ទទួល​បាន​ភាគលាភ​ (Dividend) ឬ​កម្រៃ​ផ្សេងៗ​ចុង​ក្រោយ​គេ​បង្អស់​នៅ​លើ ​ទ្រព្យ​សកម្ម​របស់​ក្រុម​ហ៊ុន​សាជីវកម្ម​ដែល​បាន​បោះផ្សាយ​ក្នុង​ករណី​ ក្រុមហ៊ុន​នោះ​ក្ស័យ​ធន​ (Bankrupt)។ ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា​ បើ​ក្រុម​ហ៊ុន​ក្ស័យ​ធន​ អ្នក​កាន់​កាប់​មូលបត្រ​ផ្សេងៗ​ទៀត​ដូចជា​ សញ្ញាប័ណ្ណ​និង​ភាគហ៊ុន​អាទិភាព​នឹង​ទទួល​បាន​ការ​ទូទាត់​មុន​ភាគហ៊ុន​ ធម្មតា​នេះ។ តែ​ដោយ​ឡែក​ម្ចាស់​ភាគ​ហ៊ុន​ធម្មតា​ អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាក់​ទង​នឹង​ការ​គ្រប់គ្រង​ផ្សេងៗ (សិទ្ធិ​សម្រេច​ចិត្ត​ផ្សេង​ៗ​) នៅ​ក្នុង​ក្រុមហ៊ុន។ ជា​ទូទៅ​​ម្ចាស់​ភាគហ៊ុន​ធម្មតា ​អាច​ទទួល​បាន​ប្រយោជន៍​តាម​រយៈ​​ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ភាគហ៊ុន ​និង​ទទួល​បាន​ភាគលាភ​សមមូល​ទៅ​នឹង​ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន។
ភាគហ៊ុន​អាទិភាព(Preferred Stock)
ម្ចាស់​ភាគហ៊ុន​អាទិភាព​ គ្មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ក្នុង​ក្រុមហ៊ុន​ទេ តែ​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​ជួប​បញ្ហា​ក្ស័យ​ធន​ម្ចាស់​ភាគហ៊ុន​អាទិភាព ​មាន​សិទ្ធិ​ទទួល​ភាគលាភ​ឬ​ក៏​ទាមទារ​សិទ្ធិ​ទទួល​ផល​លើ​ទ្រព្យ​សកម្ម​ ទាំងឡាយ​របស់​ក្រុម​ហ៊ុន​ មុន​ម្ចាស់​ភាគហ៊ុន​ធម្មតា ​(Common Stock) តែ​ក្រោយ​ម្ចាស់​បំណុល​ដែល​កាន់កាប់​សញ្ញាប័ណ្ណ (Bond)​ ដែល​បាន​បោះ​ផ្សាយ​ដោយ​ក្រុមហ៊ុន។ ភាគលាភ​នឹង​ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​ម្ចាស់​ហ៊ុន​ទាំង​អស់​ដោយ​ ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​បោះផ្សាយ​។​ ជា​ទូទៅ ភាគលាភ ត្រូវ​បាន​ប្រកាស​ឲ្យ​ក្នុង ទម្រង់​ជា​ប្រាក់​ឬ​តម្លៃ​ភាគហ៊ុន​បន្ថែម

No comments:

Post a Comment