Friday, July 29, 2011

ពហុ​កីឡ​ដ្ឋាន​​​ធំ​ជាង​គេ​​​​បង្អស់​​នៅ​​លើ​ពិភព​លោក​

ពហុ​កីឡ​ដ្ឋាន​នេះ​មាន​ទីតាំងស្ថិត​នៅ​​តាម​ដង​ទន្លេ​​ Taedong ក្នុង​ទី​​ក្រុង​ព្យុង​យ៉ាង
Rungrado May Day គឺជា​​ពហុ​កីឡ​ដ្ឋាន​ដែល​ធំជាង​គេ​បំផុត​​​នៅ​លើ​ពិភព​លោក​ ។ ពហុ​កីឡ​ដ្ឋាន​នេះ​មាន​ទីតាំងស្ថិត​នៅ​​តាម​ដង​ទន្លេ​​ Taedong ក្នុង​ទី​​ក្រុង​ព្យុង​យ៉ាង ប្រទេស​​កូរ៉េ​ខាង​​ជើង ។ ​វា​​ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុងឆ្នាំ​១៩៨៦ ដោយ​​ចំណាយ​រយៈ​ពេល​២​ឆ្នាំ​កន្លះ ហើយ​​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​នៅ​ថ្ងៃ​ទី​១ ​ខែ​ឧសភា ​ឆ្នាំ​១៩៨៨ ។
ពហុ​កីឡ​ដ្ឋាន​ Rungrado May Day ​ត្រូវ​បាន​សាង​សង់​ឡើង​លើ​ផ្ទៃ​ដី​សរុប​២២.៥០០​ម៉ែត្រ​ការ៉េ ​មាន​កម្ពស់​​៦​ជាន់​​​ដែល​ស្មើ​នឹង​​៦០​ម៉ែត្រ​គិត​ពី​ដី​ទៅ​​ដល់​ដំបូល​ ដែល​មាន​រាង​ប៉ោង​ដូច​ធ្នូ​ចំនួន​១៦ ហើយ​​​វា​អាច​​ផ្ទុក​​ទស្សនិក​ជន​​បាន​​ចំនួន​១៥​ម៉ឺន​នាក់​ដែល​​ចំនួន​នេះ​ បាន​កើន​ឡើង​ទៅ​ដល់​១៩​ម៉ឺន​នាក់​ កាល​ពី​​អំឡុង​​ពេល​​បើក​សម្ពោធ​ដោយ​ការ​អង្គុយ​​ប្រជ្រៀត​គ្នា​ ។ ដោយ​​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​តាម​ដង​ទន្លេ​​ដំបូល​រ​បស់​វា​​មើល​ទៅ​ ហាក់​បី​ដូច​ជា​ផ្កា​ដ៏​ធំ​មួយ​ដែល​កំពុង​អណ្តែត​លើ​ផ្ទៃ​ទឹក​ដ៏ថ្លា​​ក្នុង ​ទន្លេ Taedong ឬមើល​ទៅ​ហាក់​បី​ដូចជា​មានឆត្រ​​យោង​ដែល​កំពុង​ចុះចត ។ ​ការ​ចំណាយ​ទៅលើ​ការ​សាង​សង់​នេះ​មិន​ត្រូវបាន​បង្ហើប​ឱ្យ​ដឹង​នោះ​ទេ ក៏​ប៉ុន្តែ​​វា​ស្ថិត​នៅ​ក្នុង​គម្រោង​​សាង​សង់​ដែល​មាន​ទឹក​ប្រាក់​១៤​​ ពាន់​លាន​ដុល្លារ ។
ដោយ​មាន​ការ​គិតគូរ​ខ្ពស់​ពី​សុវត្ថិ​ភាព​ស្ថាបត្យករ​ ​​បាន​ធ្វើ​​ទ្វារ​ចេញ​ចំនួន​៨០​ជា​មួយ​នឹង​ជណ្តើរ​​យន្ត​ចំនួន​១០ ។ ​ពហុ​កីឡ​ដ្ឋាន​​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ចំបង​សម្រាប់​ការ​ប្រកួត​ បាល់​ទាត់​ហើយ​មុខ​​ងារ​បន្ទាប់​បន្សំ​​គឺ​ប្រើ​​​​សម្រាប់​​អត្ត​ពល​កម្ម​ និង​កីឡា​​​កាយ​សម្ព័ន្ធ​​​ផង​ដែរ ។ ​ចំណែក​ឯ​​ពហុ​កីឡ​ដ្ឋាន​​ធំ​បន្ទាប់​ទី​២ គឺ​​ពហុ​កីឡ​ដ្ឋាន Salt Lake (ឥណ្ឌា) ​ផ្ទុក​ទស្សនិក​ជន​បាន​១២​ម៉ឺន​នាក់​ និង​ពហុ​កីឡ​ដ្ឋាន​ Michigan (អាមេ​រិក) លំដាប់​លេខ​៣ អាច​​​ផ្ទុក​មនុស្ស​បាន​១០៩.៩០១​នាក់​ ៕

No comments:

Post a Comment