Tuesday, July 26, 2011

ទី​​ផ្សារ​​​មូលបត្រ សរសៃរ​ឈាម​សេដ្ឋកិច្ច​កម្ពុជា


“ទីផ្សារ​​មូលបត្រ​​មាន​នាទី​គៀង​គរ​ប្រមូល​​មូលធន​សម្រាប់​​ផ្គត់​ ផ្គង់​ និង​ជួយ​គាំ​ទ្រ​ដល់​​អាជីវកម្ម​ទាំង​ឡាយ​​​​ដែល​ត្រូវ​ការ​ប្រភព​ធន​ធាន​​ ហិរញ្ញវត្ថុ”។ ​នេះ​ជា​ការ​បញ្ជាក់​របស់​​ឯក​ ឧត្ដម ​គាត ឈន់​ ឧបនាយក​រដ្ឋ​មន្ត្រី​ ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​គណៈកម្មការ​​មូលបត្រ​កម្ពុជា​នៅ​ក្នុង​វិធី​ បើក​សម្ពោធ​ក្រុមហ៊ុន​​ផ្សារ​មូលបត្រ​កម្ពុជា​​​​ កាល​ពី​ព្រឹក​មិញ​នៅ​អគារ​កាណាឌីយ៉ា។

ទាំង​មន្ត្រី​រាជរដ្ឋាភិបាល​ ​ក្រុម​អ្នក​​សេដ្ឋកិច្ច និង​​វិនិយោគិន​​ជា​ច្រើន​បាន​សាទរ​ ការ​បើក​​​សម្ពោធ​ផ្សារ​​មូលបត្រ​កម្ពុជា ​ដោយ​រំពឹង​ថា​ ទីផ្សារ​នេះ​​នឹង​​ជម្រុញ​​​​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​បោះ​ជំហាន​ទៅ​មុខ​​​​ មួយ​កម្រិត​ទៀត ជា​ពិសេស​ ​ជួយ​គៀង​គរ​ប្រមូល​ធន​​ហិរញ្ញវត្ថុ​​សម្រាប់​ជួយ​គាំ​ទ្រ​ដល់​ដំណើរ​ការ​ អាជីវកម្ម។
ឯក ឧត្តម​ គាត​ ឈន់​​បាន​​សង្កត់​ធ្ងន់​​ថា​ ទីផ្សារ​​មូលបត្រ​​​​មាន​សារៈសំខាន់​បំផុត​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា។ ​ទីផ្សារ​មូលបត្រ​កម្ពុជា​​​​បំពេញ​កិច្ចការ​នេះ​​ ដោយ​ផ្ដល់​​​លក្ខខណ្ឌ​បួន​សំខាន់​ៗ​ គឺ​លើក​កម្ពស់​អភិបាល​កិច្ច​​សាជីវកម្ម​ ​​បង្កើន​​ប្រសិទ្ធភាព​​​សម្រាប់​ក្រុមហ៊ុន​​ក្នុង​ការ​គ្រប់​គ្រង​ហានិភ័យ​ ​ លើក​កម្ពស់​តម្លាភាព​និង​គណនេយ្យ​ភាព​ក្នុង​អាជីវកម្ម​ និង​​ជំរុញ​ឲ្យ​​​មាន​ការ​ប្រកាន់​ខ្ជាប់​នូវ​​ក្រម​វិជ្ជាជីវៈ​​ច្បាស់​ លាស់​។
ស្រប​​ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ គី វ៉ុងស៊ូ ​​អគ្គនាយក​​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កូរ៉េ​ បញ្ជាក់​ថា​ ទីផ្សារ​មូលបត្រ​​ មិន​ថា​នៅ​កូរ៉េ​ ឬ​នៅ​កម្ពុជា​ទេ​ គឺ​ដើរ​តួនាទី​សំខាន់​បំផុត​នៅ​ក្នុង​​ការ​លើក​ស្ទួយ​​សេដ្ឋកិច្ច​ជាតិ​ទាំង ​មូល។ លោក​ថា​ ទីផ្សារ​​មូលបត្រ​​កូរ៉េ​​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៥៦​ ក្នុង​ពេល​ដែល​ប្រទេស​នេះ​ កំពុង​ស្ថិត​​ក្នុង​ភាព​ក្រី​​ក្រ​ តែ​បច្ចុប្បន្ន​​ ទីផ្សារ​មូលបត្រ​កូរ៉េ​ ឈរ​នៅ​​លំដាប់​លេខ​១២​ក្នុង​ពិភពលោក​។ លោក​ប្រៀប​ប្រដូច​ស្ថានភាព​នេះ​​​​​ថា​ ​មិន​ខុស​ពី​​កម្ពុជា​ទេ​…ទីផ្សារ​មូលបត្រ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​​ កម្ពុជា​​​​​​ឲ្យ​រីក​ចម្រើន​បាន​​ ​ហើយ​អាច​​ឈរ​ជើង​​​​រឹង​មាំ​​ក្នុង​ពេល​​ខាង​មុខ​​។ លោក​បន្ថែម​ថា​​​​​​​ “ទីផ្សារ​មូលបត្រ​​ប្រៀប​ដូច​សរសៃ​ឈាម…​ ​ទីផ្សារ​មូលបត្រ​​មាន​នាទី​គៀង​គរ​​​មូលធន​ហិរញ្ញវត្ថុ​ សម្រាប់​ផ្គត់​​ផ្គង់​ដល់​សហគ្រាស​ ហើយ​កម្ពុជា​​មាន​​លទ្ធភាព​ច្រើន​អាច​​ទាញ​យក​​សក្ដានុពល​ពី​ទីផ្សារ​នេះ​ បាន”។
ដោយ​ឡែក លោក​បណ្ឌិត​ កង​ ចាន់​ដារា​រ័ត្ន​ អ្នក​វិភាគ​សេដ្ឋកិច្ច​​ឯករាជ្យ​ មាន​សុទិដ្ឋិនិយម​ថា​​​ នេះ​ជា​សញ្ញាណ​ល្អ​មួយ​​ ហើយ​​នេះ​បញ្ជាក់​ពី​ជម្រើស​ថ្មី​ថែម​​ទៀត​​ក្នុង​ការ​ប្រមូល​ធនធាន​សម្រាប់ ​វិនិយោគ​ ឬ​ក៏​​​​ប្រមូល​ធន​ធាន​សម្រាប់​ប្រើ​ប្រាស់​​ក្នុង​សេដ្ឋកិច្ច។ ក៏ប៉ុន្តែ​ យើង​​​រង់​ចាំ​​មើល​សភាព​ការណ៍​តទៅ​ទៀត​ថា​ តើ​នឹង​មាន​​​ក្រុមហ៊ុន​វិនិយោគ​ និង​មហាជន​ប៉ុន្មាន​ចូលរួម​។ លោក​​បន្ថែម​ថា​ ទំនុក​ចិត្ត​របស់​មហា​ជន​​លើ​ទីផ្សារ​​មូលបត្រ​​កើត​មាន​ នៅ​ពេល​ដែល​ទីផ្សារ​នេះ​​ដំណើរ​ការ​បាន​ល្អ​…ការ​ទើប​ចាប់​ផ្ដើម​ មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ មហាជន​​មាន​ទំនុក​ចិត្ត​ប៉ុណ្ណា​នោះ​ទេ គឺ​ត្រូវ​ចាំ​មើល​ដំណើរ​ការ​ណ៍តទៅ​ទៀត។
ក្រុមហ៊ុន​ទីផ្សារ​មូលបត្រ​ត្រូវ​​​បាន​ផ្ដួច​ផ្ដើម​បង្កើត​កាល​ពី​​​​ ឆ្នាំ​២០០៨​ ក្រោម​អនុសារណៈ​យោគយល់​​​គ្នា​រវាង​​រដ្ឋាភិបាល​កម្ពុជា​ និង​​​ក្រុមហ៊ុន​មូលបត្រ​កូរ៉េ​ក្នុង​សមាមាត្រ​វិនិយោគ​ កម្ពុជា​៥៥% ​ក្រុមហ៊ុន​មូលបត្រ​កូរ៉េ​​៤៥%។ ទីផ្សារ​នេះ​​ដើរ​តួនាទី​ជា ​ប្រតិបត្តិ​ករ​ទីផ្សារ​មូលបត្រ​ ប្រតិបត្តិ​ករ​ប្រព័ន្ធ​ផាត់ទាត់​និង​ទូទាត់​មូលបត្រ​ និង​ប្រតិបត្តិ​ករ​រក្សាទុក​មូលបត្រ​ ហើយ​ចំពោះ​​​ការ​ជួយ​ដូរ​មូលបត្រ​ដំបូង​​​​ក្នុង​ក្រុមហ៊ុន​នេះ​នឹង​ត្រូវ​ ចាប់​​ផ្ដើម​ធ្វើ​នៅ​បំណាច់​ឆ្នាំ​២០១១​នេះ​៕
ដោយ៖ យ៉ន សុភារិទ្ធ
រូបថត៖ ប៉ែន ប៊ុនថាល់​http://news.sabay.com.kh/articles/118165

No comments:

Post a Comment