ធនាគារ​ជាតិ​​នៃ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​១៩៥៤ បន្ទាប់​ពី​ប្រទេស​ជាតិ​បាន​ទទួល​ឯករាជ្យ ពី​អាណានិគមនិយម​បារាំងនៅ​ថ្ងៃ​ទី​​០៩ ​ខែ​វិច្ឆិកា ​​ឆ្នាំ​១៩៥៣ និង​បន្ទាប់​ពី​វិជ្ជាស្ថាន​បោះ​ប្រាក់​ឥណ្ឌូចិន​​ត្រូវ​បាន​បិទ​ទ្វារ (វិទ្យាស្ថាន​នេះ​បោះ​ពុម្ព​ក្រដាស​ប្រាក់​រួម​មួយ​ សម្រាប់​ប្រើ​ប្រាស់​​នៅ​ប្រទេស​ទាំង​បី​នៅ​​ឥណ្ឌូចិន​គឺ​ កម្ពុជា ឡាវ និង​វៀតណាម​ក្នុង​សម័យ​អាណានិគម​និយម​បារាំង)។
ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បោះ​ផ្សាយ​ ប្រាក់​រៀល​ឯករាជ្យ​របស់​ខ្លួន ដើម្បី​បញ្ចប់​ជា​ស្ថាពរ​នូវ​សម្ព័ន្ធភាព​​ជា​មួយ​ប្រាក់​វៀតណាម​ ​និង​ឡាវ។ ពេល​នោះ​ប្រព័ន្ធ​ធនាគារ​ ក្នុង​ប្រទេស​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​មាន​ធនាគារ​រដ្ឋ​ និង​ធនាគារ​ឯកជន​ធ្វើ​ប្រតិបត្តិការ​ទន្ទឹម​​គ្នា​លើ​ដែនដី​ប្រទេស​កម្ពុជា។
ធនាគារ ជាតិ ក្នុង ទសវត្ស ឆ្នាំ ១៩៦០ (រូប គេហទំព័រ NBC)
នៅ​ឆ្នាំ​១៩៤៦ ដើម្បី​បម្រើ​ឲ្យ​គោលនយោបាយ​កសាង​ជាតិ​​នៃ​សម័យ​សង្គម​រាស្ត្រ​និយម រដ្ឋ​បាន​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ធនាគារ​ជា​បន្ត​បន្ទាប់​ ដើម្បី​តម្រូវ​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​នៃ​សេដ្ឋកិច្ច​ជាតិ​នា​សម័យ​នោះ​ ដោយ​បាន​ប្រែ​ក្លាយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ពី​ទម្រង់​ស្ថាប័ន​​ពាក់​កណ្ដាល​ស្វយ័ត​ ទៅ​ជា​ធនាគារ​រដ្ឋ​ក្រោម​ទម្រង់​ជា​ស្ថាប័ន​សាធារណៈ ដែល​មាន​លក្ខណៈ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ ចំណែក​ធនាគារ​​ឯកជន​ជាតិ​ និង​បរទេស​​ត្រូវ​បាន​បិទ​ទ្វារ​ ហើយ​រដ្ឋ​បាន​បង្កើត​ធនាគារ​ ដែល​កាន់​កាប់​ដោយ​រដ្ឋ​មួយ​ចំនួន​ ដូច​ជា​ ធនាគារ​ឥណទាន​ជាតិ​ ធនាគារ​អភិវឌ្ឍន៍​ និង​ធនាគារ​កសិកម្ម​ជនបទ។
ចាប់​តាំង​ពី​ចុង​ឆ្នាំ​១៩៧០ រហូត​ដល់​ខែ​មេសា​ ឆ្នាំ​១៩៧៥ រដ្ឋ​បាន​ធ្វើ​សេរីភាវូបនីយកម្ម​ជា​ថ្មី​ទៅ​លើ​ប្រព័ន្ធ​ធនាគារ​។ ធនាគារ​ឯកជន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ទន្ទឹម​គ្នា​នឹង​ធនាគារ​ រដ្ឋ​ ក្រោម​ការ​បញ្ជា​ ណែនាំ​ និង​ការ​ត្រូត​ពិនិត្យ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។
ជា​អកុសល​ នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​បិទ​ទ្វារ​ ប្រព័ន្ធ​ធនាគារ​ទូទាំង​ប្រទេស​ត្រូវ​បាន​លុប​បំបាត់​ចោល អគារ​ធនាគារ​ជាតិ​នៃ​កម្ពុជា​​ត្រូវ​បាន​កម្ទេច​ រូបិយវត្ថុ​ជាតិ​ត្រូវ​បាន​ឈប់​ប្រើ​ប្រាស់។
ធនាគារ​ជាតិ​​នៃ​កម្ពុជា​​​ក្រោយ​​​សម័យ​​ប៉ុល​ពត (រូប​ថត yale.edu)
រហូត​មក​ដល់​ឆ្នាំ​១៩៧៩​ ទើប​ធនាគារ​ជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​រៀប​ចំ​ឡើង​វិញ​ ​ហើយ​​ដើរ​តួ​​ពេញ​សិទ្ធ​ជា​ធនាគារ​កណ្ដាល​របស់​ប្រទេស​នៅ​ថ្ងៃ​ទី​១០ តុលា​​។ នៅ​ពេល​នោះ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ត្រូវ​បាន​ស្ដារ​ឡើង​វិញ​​ពី​កម្រិត​សូន្យ​ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ធនធាន​មនុស្ស​ ត្រូវ​បាន​ប្រមែ​ប្រមូល​ និង​កសាង​ជា​បណ្ដើរ​ៗ​រហូត​បង្កើត​បាន​ជា​ស្ថាប័ន​ធនាគារ​ជាតិ​មួយ​ដែល​មាន​ ​ឈ្មោះ​ថា​ «ធនាគារ​ជាតិ​នៃ​ប្រជាជន​​កម្ពុជា»។
ដោយ​សារ​​អគារ​ធនាគារ​ក្រហម​ត្រូវ​បាន​​កម្ទេច​ទៅ​ហើយ​នោះ​ ធនាគារ​ជាតិ​នៃ​​ប្រជាជន​កម្ពុជា​បាន​បើក​​ស្នាក់ការ​កណ្ដាល​របស់​ខ្លួន​ជា​ បណ្ដោះ​​អាសន្ន​នៅ​លើ​អគារ​​អតីត​ធនាគារ​ខ្មែរ​សម្រាប់​ពាណិជ្ជកម្ម​​ ហើយ​បាន​រៀប​ចំ​ រចនាសម្ព័ន្ធ​​ ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ និង​សកម្មភាព​ប្រតិបត្តិការ​​​នៅ​​ទីស្នាក់​ការ​កណ្ដាល​ និង​ពង្រីក​បណ្ដាញ​ទៅ​បណ្ដា​ខេត្ត​-ក្រុង​ទាំង​២០​ទូទាំង​ប្រទេស​ ធនាគារ​ជាតិ​​នៃ​ប្រជាជន​កម្ពុជា​បាន​បោះ​ផ្សាយ​ប្រាក់​រៀល​ឡើង​វិញ​ នៅ​ថ្ងៃ​ទី​២០​ ខែ​មីនា ​ឆ្នាំ​១៩៨០​ ដើម្បី​ជួយ​​សម្រួល​​​​ដល់​ការ​ទូទាត់​ក្នុង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​។ ចំណែក​ អគារ​ធនាគារ​ជាតិ​នៃ​​កម្ពុជា​ ដែល​បាក់​បែក​​ត្រូវ​បាន​រុះ​រើ​និង​សាង​សង់​ជា​ថ្មី​ឡើង​វិញ​នៅ​ឆ្នាំ​ ១៩៩០។
ធនាគារ ជាតិ ក្នុង ទសវត្ស ឆ្នាំ ១៩៩០ (រូប គេហទំព័រ NBC)
ចាប់​ពី​ឆ្នាំ​១៩៨៩​ ប្រព័ន្ធ​ធនាគារ​​ត្រូវ​បាន​ធ្វើ​ការ​កែ​ទម្រង់​។ ធនាគារ​ ខេត្ត​-ក្រុង​ទាំង​២០​ ត្រូវ​បាន​ប្ដូរ​ឈ្មោះ​​មក​ជា​ធនាគារ​​ឯកទេស​ខេត្ត​-ក្រុង​វិញ​ ហើយ​ធ្វើ​សកម្មភាព​​នៅ​ដែន​ដី​របស់​ខ្លួន​តាម​របប​ស្វ័យ​ភាព​ខាង​សេដ្ឋកិច្ច ​ និង​​ហិរញ្ញវត្ថុ​ ដែល​​ធនាគារ​ជាតិ​នៃ​ប្រជាជន​កម្ពុជា​​មាន​នាទី​ជា​​អាជ្ញារធរ​រួបិវត្ថុ​ ​ដោយ​ត្រួត​ពិនិត្យ​​ ​និង​គ្រប់​គ្រង​​លើ​​ធនាគារ​ទាំង​នេះ​។ នៅ​ឆ្នាំ​១៩៩១​ ធនាគារ​ពាណិជ្ជ​កម្ពុជា​ដំបូង​​ត្រូវ​បា​នបង្កើត​ឡើង​ ស្ថិត​ក្នុង​ទម្រង់​ជា​ធនគារ​ពាក់​កណ្ដាល​រដ្ឋ​ និង​ពាក់​កណ្ដាល​ឯកជន​។
នៅ​ថ្ងៃ​ទី​៣០ មករា​ ឆ្នាំ​​​១៩៩២​ នៅ​សម័យ​ប្រជុំ​​សាមញ្ញ​លើក​ទី​២២​ នីតិកាល​ទី​១ ​រដ្ឋ​​សភា​​​សម័យ​រដ្ឋ​កម្ពុជា​ ​បានអនុម័ត​ច្បាប់​ស្ដី​ពី​ការ​ដូរ​ឈ្មោះ​ពី​ធនាគារ​​ជាតិ​នៃ​ប្រជាជន​ កម្ពុជា​ ទៅ​ជា​ធនាគារ​​ជាតិ​នៃ​កម្ពុជា​​ ហើយ​ត្រូវ​បាន​ប្រកាស​​​ជា​ផ្លូវ​ការ​​​​ដោយ​ក្រុម​ប្រឹក្សា​រដ្ឋ​នៅ​ខែ​ កុម្ភៈ ឆ្នាំ​១៩៩២។
ក្រោយ​ពី​មាន​​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ ថ្ងៃ​ទី​២៣ ខែ​តុលា​ ឆ្នាំ​១៩៩១ របត់​​នយោបាយ​មួយ​ត្រូវ​បាន​ បង្កើត​ឡើង​គឺ​​ របប​សេដ្ឋកិច្ច​​ត្រូវ​បាន​​ផ្លាស់ប្ដូរ​​​ពី​សេដ្ឋកិច្ច​​ផែន​ការ​មក​ជា​ សេដ្ឋកិច្ច​ទីផ្សារ ដែល​ញ៉ាំង​ឲ្យ​មាន​ការ​កែ​ប្រែ​ប្រព័ន្ធ​ ធនាគារ​នៅ​កម្ពុជា​ពី​ប្រព័ន្ធ​ធនាគារ​​មួយ​ថ្នាក់​ (មាន​តែ​ធនាគារ​កណ្ដាល) មក​ជា​ប្រព័ន្ធ​ធនាគារ​ពីរ​ថ្នាក់ (មាន​ធនាគារ​កណ្ដាល​ផង​ ធនាគារ​ពាណិជ្ជ​ផង​) ហើយ​រដ្ឋ​បាន​បើក​ទូលាយ​ចំពោះ​អាជីវកម្ម​ លើ​វិស័យ​ធនាគារ​ តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​មាន​​ធនាគារ​ពាណិជ្ជកម្ម​ក្រោម​ច្បាប់​​​ក្នុង​ ស្រុក ឬ​ក្រោម​ទម្រង់​​ជា​សាខា​ធនាគារ​បរទេស។ ប្រការ​នេះ​តម្រូវ​ឲ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ពង្រឹង​តួនាទី​របស់​ខ្លួន​ ដើម្បី​បង្កើន​សមត្ថភាព​ បញ្ជា​ ណែនាំ​ និង​ត្រួត​ពិនិត្យ​ ដោយ​បាន​បង្កើត​ច្បាប់​ និង​ប្រកាស​ផ្សេង​ៗ​ជា​បន្ត​បន្ទាប់​រួម​មាន​៖
  1. ច្បាប់​ស្ដី​ពី​ការ​រៀប​ចំ​​ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ រដ្ឋសភា​ បាន​អនុម័ត​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​១៩៩៦។ ច្បាប់​នេះ​បាន​កំណត់​បេសកម្ម​ ចម្បង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​​គឺ​​«កំណត់​ និង​ដឹក​នាំ​នយោបាយ​​រូបិយវត្ថុ​ដើម្បី​រក្សា​ថ្លៃ​ឲ្យ​មាន​ស្ថិរភាព»។
  2. ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ការ​ប្ដូរ​ប្រាក់​ រដ្ឋសភា​អនុម័ត​​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា​ ឆ្នាំ​១៩៩៧
  3. ច្បាប់​ស្ដី​ពី​គ្រឹះ​​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​​រដ្ឋសភា​អនុម័ត​​ នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​១៩៩៩​ និង​ចុង​ក្រោយ​នេះ​​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ចង​ក្រង​ឯកសារ​ ចក្ខុវិស័យ​ និង​ផែន​ការ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​​សម្រាប់​ឆ្នាំ​ ២០០១-២០១០ ដែល​ជា​ឯកសារ​​ជា​យុទ្ធសាស្ត្រ​​​សម្រាប់​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​ កម្ពុជា​ ឲ្យ​មាន​ភាព​ជឿន​លឿន​ប្រកប​ដោយ​ជំនឿ​ទុក​ចិត្ត​ពី​សាធារណ​ជន​ និង​អាច​ធ្វើ​​សមាហរណកម្ម​ចូល​ទៅ​ក្នុង​​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក។
ធនាគារ​ជាតិ​ទទួល​ភារៈ​ផ្តាច់​មុខ​ជា​អ្នកបោះផ្សាយ​រូបិយវត្ថុ​ជាតិ
ក្នុង​នាម​ធនាគារ​កណ្ដាល​ ដើម្បី​លើក​មុខ​មាត់​ និង​កិត្យានុភាព​របស់​ខ្លួន​ឲ្យ​សក្ដិ​សម​ជា​អាជ្ញាធរ​អាណាព្យាបាល លើ​វិស័យ​ធនគារ​ អគារ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​កែ​លម្អរ​ផ្នែក​សោភ័ណភាព​ នៅ​ឆ្នាំ​២០០៣។
ធនាគារ​ជាតិ​​នៃ​កម្ពុជា​ ឆ្នាំ​២០១១
មុខងារ ​និង​ភារកិច្ច​ទូទៅ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា
ធនាគារ​ជាតិ​នៃ​កម្ពុជា​ឬ​ធនាគារ​កណ្តាល​នៃ​ព្រះរាជាណាចក្រកម្ពុជា មាន​មុខងារ និង​ភារកិច្ច​ដូច​តទៅ៖
  1. កំណត់​គោល​នយោបាយ​រូបិយវត្ថុ​ ដោយ​ពិគ្រោះ​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ ក្រប​ខ័ណ្ឌនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។
  2. ត្រិះរិះ​រក​អនុវត្ត និង​ត្រួត​ពិនិត្យ នយោបាយ រូបិយវត្ថុ និង ប្តូរ​ប្រាក់​អោយ​សំរេច​ទៅ​តាម​គោលដៅ​ដែល​បាន​កំណត់។
  3. ធ្វើ​ការវិភាគ​ស្ថានភាព​សេដ្ឋកិច្ច​និង រូបិយវត្ថុ ជា​ប្រក្រតី ​រួច​ចេញ​ផ្សាយ​លទ្ធផល​ ហើយ​លើក​សំណើ​រ​និង​វិធានការ​ជូន​រដ្ឋាភិបាល។
  4. ផ្តល់ ឫ​ដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម ចំពោះ​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឯទៀត ដែល​ពាក់ព័ន្ធ​ដូចជា ​ស្នងការ​គនីគ្រឹះស្ថាន​ជម្រះ​បញ្ជី​ ព្រម​ទាំងចេញ​បទ​បញ្ជា និង​ត្រួត​ពិនិត្យគ្រឹះស្ថាន​ទាំងនោះ ។
  5. ត្រួត​ពិនិត្យ ប្រព័ន្ធ​ទូទាត់​ក្នុង ព្រះរាជាណាចក្រកម្ពុជានិងកែលំអ​ប្រសិទ្ធភាពនៃ​ការទូទាត់អន្តរធនាគារ។
  6. ទទួល​ភារៈ​ផ្តាច់​មុខ​ជា​អ្នកបោះផ្សាយ​រូបិយវត្ថុ​ជាតិ​។
  7. ទទួល​ខុសត្រូវ និង​អនុវត្ត​​​ក្នុង​នាម​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នូវ​កិច្ច​ការទាំង​ឡាយ ​ដែល​ជា​លទ្ធផល​នៃ​ការ​ចូល​រួម​របស់ ព្រះរាជាណាចក្រ​កម្ពុជា​ជា​មួយ​ស្ថាប័ន អន្តរជាតិ សាធារណៈ ក្នុង​កិច្ចការ​ធនាគារ​ឥណទាន​រូបិយវត្ថុ។
  8. តម្លើង​តារាង​ជញ្ជីង​ទូទាត់ ។
  9. ចូលរួម​ក្នុង​ការ​គ្រប់គ្រង​បំណុល និង​ឥណនេយ្យ​ជា​មួយ​ប្រទេស​ក្រៅ ។
  10. ចូលរួម ក្នុង​ការ​បង្កើត និង​ការ​ត្រួតពិនិត្យ ទីផ្សារ​រូបិយវត្ថុ និង​ទីផ្សារ​ហិរញ្ញវត្ថ។
  11. ផ្តល់ ឬ​ដក​ហូត​អាជ្ញាប័ណ្ណ​ចំពោះ​គ្រឹះស្ថាន​ដែល​ចូលរួម​ក្នុង​អាជីវកម្ម​ទីផ្សារ ​ប្តូរ​ប្រាក់​សង្ហារឹម​ប័ណ្ណ ត្បូង​ថ្ម និង​លោហធាតុ​មាន​តមៃ្ល ព្រម​ទាំង​ចេញ​បទ បញ្ជា​និង​ត្រួត​ពិនិត្យ​គ្រឹះស្ថាន​ទាំងនេះ ។
  12. កំណត់​អត្រា​ការ​ប្រាក់៕
http://news.sabay.com.kh/articles/119197