នេះជាអ្វីដែលថ្មី តែក៏ជាអ្វីដែលយុវវ័យចង់ដឹងដែរមែនទេ?

វិស័យ​ហិរញ្ញវត្ថុ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ខឿន​សេដ្ឋកិច្ច​ជាតិ។ ក្នុង​នោះ ទី​ផ្សារ​មូលបត្រ ជា ​កម្លាំង​ស្នូល​ជួយ​ពង្រឹង​សេវា​ហិរញ្ញវត្ថុ​ក៏​ដូច​ជា​ជួយ​ឲ្យ​សេដ្ឋកិច្ច​ មាន​ចិរភាព។ ផ្សារ​មូលបត្រ​មាន​ភាព​ស្មុគស្មាញ​ព្រមទាំង​ត្រូវ​ការ​ជំនាញ​ខ្ពស់​។ ម្យ៉ាង​ទៀត​វា​មាន​ភាព​ប្រទាក់​ក្រឡា​ជាមួយ​នឹង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដូច្នេះ​ដើម្បី​ប្រលូក​ខ្លួន​ចូល​ក្នុង​ទីផ្សារ​ មូលបត្រ​ វិនិយោគ​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ចាំបាច់​ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ ល្អិតល្អន់​ពី​ប្រព័ន្ធ​នេះ។
ដំបូង​យើង​ត្រូវ​យល់​ថា​អ្វី​ទៅ​ជា​ទី​ផ្សារ​មូលបត្រ​ហើយ​ទី​ផ្សារ​មួយ​នេះ​មាន​ប្រយោជន៍​អ្វី​ខ្លះ? ទីផ្សារ​ហិរញ្ញវត្ថុ ឬ ​ទីផ្សារ​មូលបត្រ​ឬ​ទីផ្សារ​ភាគហ៊ុន​ គឺជា​កន្លែង​ជួប​គ្នា​រវាង​អ្នក​លក់​និង​អ្នក​ទិញ​ ដើម្បី​ដោះ​ដូរ​នូវ​ឧបករណ៍​ហិរញ្ញវត្ថុ ក៏​ដូច​ជា​មូលបត្រ។ មូលបត្រ (Securities) មាន​ដូចជា​ភាគ​ហ៊ុន​(Stocks)ឬ​សញ្ញាប័ណ្ណ​( Bonds)​ជា​ដើម។
ប្រយោជន៍
-ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​វិនិយោគិន
-ជា​យន្តការ​បញ្ជូន​ប្រាក់​ពី​ផ្នែក​ដែល​នៅ​សេស​សល់​ទុន​ទៅ​ផ្នែក​ដែល​ខ្វះ​ទុន
-ផ្ដល់​ការងារ​ដ៏​​មហាសាល​ដល់​ប្រជាជន
-ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ
-ងាយ​ស្រួល​ដល់​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ដូច​ជា​ប្រទេស​ជាតិ
-ជួយ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មាន​លក្ខណៈ​រឹង​មាំ
មុខងារ​ទីផ្សារ​ហិរញ្ញវត្ថុ
-ជា​ភ្នាក់ងារ​ប្រមូល​ទុន​ឬ​ជា​ស្ពាន​ចំលង​ឲ្យ​​អ្នក​ផ្ដល់​កម្ចី​(Lender ឬ Creditor ឬ Bondholder) ជួប​ជា​មួយ​នឹង​អ្នក​ខ្ចី​(Borrower ឬ Debtor ឬ Bond issuer ) ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា​ឲ្យ​អ្នក​សល់​ប្រាក់​ជួប​អ្នក​ខ្វះ​ប្រាក់​ ដើម្បី​វិនិយោគ។
-ផ្ដល់​សន្ទនីយភាព​មាន​ន័យ​ថា​ផ្ដល់​កន្លែង​ជួញដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​សម្រាប់​ស្ថាប័ន​នានា​ដើម្បី​បាន​ទុន​បង្វិល​ទាន់​ពេល។
-កៀរគរ​សាច់​ប្រាក់​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ទ្រង់ទ្រាយ​ធំ
-ការចែក ការផ្ទេរ និង ការ​ចូល​រួម​ហានិភ័យ​ តាមរយៈ​ ការ​ទទួល​យក​នូវ​ការ​​វិនិយោគ​មួយ​ចំនួន​ធំ​បញ្ចូល​គ្នា​ដែល​បាន​កាត់​បន្ថយ ​នូវ​ហានិភ័យ​សរុប​ចំពោះ​វិនិយោគ​ម្នាក់ៗ។
-ត្រួត​ពិនិត្យ​រាល់​​កិច្ចសន្យា​ដែល​បាន​ធ្វើ​រវាង​អ្នក​ទិញ​នឹង​អ្នក​លក់
-ជំរុញ​ឲ្យ​មាន​ការ​ប្រតិបត្តិ​តាម​កិច្ចសន្យា​ អ្នក​ខ្ចី​បង់​​ការ​ប្រាក់​និង​ប្រាក់ដើម​តាម​កាល​បរិច្ឆេទ​ដែល​បាន​កំណត់។
ប្រតិបត្តិការ​ហិរញ្ញវត្ថុ​បាន​កើត​ឡើង​ទាំង​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ដំបូង​ និង​ បន្ទាប់
ទីផ្សារ​ដំបូង (Primary market) សំដៅ​លើ​​ទីផ្សារ​ហិរញ្ញវត្ថុ​ដែល​បោះផ្សាយ​មូលបត្រ​​លើកដំបូង ដោយ​សាជីវកម្ម ​ឬ រដ្ឋាភិបាល​ដែល​ត្រូវ​ការ​ដើម​ទុន​ដើម្បី​ដាក់​ឱ្យ​អ្នក​ទិញ​ដំបូង​ទី​។
ទីផ្សារ​បន្ទាប់ (Secondary Market) ផ្ដោត​លើ​​ទីផ្សារ​ ហិរញ្ញវត្ថុ​លក់​មូលបត្រ​ដែល​បាន​ចេញ​ផ្សាយ​ហើយ​​​។​និយាយ​រួម​អ្នក​ដែល​ទិញ ​មិន​មែន​ទៅ​ទិញ​មូលបត្រ​នៅ​ក្រុម​ហ៊ុន​ដែល​បោះ​ផ្សាយ​ដោយ​ផ្ទាល់។
កម្ពុជា​នៅ​ថ្ងៃ​ទី​១១ខែ​កក្កដា​ម្សិលមិញ​នេះ ទើប​តែ​បាន​សម្ពោធ​ទី​ផ្សារ​មូលបត្រ ដែល​មាន​ឈ្មោះ​ថា​ផ្សារមូលបត្រ​កម្ពុជា។ ផ្សារ​ទើប​បង្កើត​នេះ​ជា​ផ្សារមូលបត្រ​ដំបូង​ហើយ​ចំពោះ​ទីផ្សារ​បន្ទាប់​គឺ​ ត្រូវ​ប្រើ​ពេល​មួយ​រយៈ​ទៀត​ទើប​អាច​បង្កើត​បាន​ព្រោះ​ត្រូវ​ការ​ប្រភព​ ព័ត៌មាន​ច្រើន​ដែល​ទាក់ទង​នឹង​លំនឹង​ហិរញ្ញវត្ថុ។
http://news.sabay.com.kh/articles/118587