កាល ​ពីម្សិលមិញ​នេះ​ ក្រុម​មេដឹកនាំ​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​ផ្ដល់​ប្រាក់​ដល់​ប្រទេស​ក្រិក​ ដើម្បី​ស្ដារ​ស្ថានភាព​ដុនដាប​ដោយ​សារ​វិបត្តិ​បំណុល​ឡើង​វិញ។
បន្ថែម​លើ​​វិស័យ​ហិរញ្ញវត្ថុ​ឯកជន​ដែល​ជួយ​៥០ពាន់លាន​អឺរ៉ូ រដ្ឋាភិបាល​អឺរ៉ុប​និង​អង្គការ​IMF បាន​ផ្ដល់​១០៩ពាន់​លាន​អឺរ៉ូ​ទៀត​ដើម្បី​ជួយ​ស្រោចស្រង់​ប្រទេស​ជិត​ក្ស័យធន ​មួយ​នេះ។
“ ការ​គំរាមកំហែង​នេះ​ត្រូវ​តែ​ដោះ​ស្រាយ​ បើ​មិន​ដូច្នេះ​ទេ ស្ថានភាព​ពិត​ជា​ធ្ងន់ធ្ងរ​ជាង​នេះ​ហើយ​ក៏​បង្កើត​ឲ្យ​មាន​ភាព​​អស់​ជំនឿ​ ចំពោះ​រូបិយប័ណ្ណ​អឺរ៉ុប​និង​បង្ក​គ្រោះ​មហន្តរាយ​ដល់​សេដ្ឋកិច្ច​អឺរ៉ុប​ក៏ ​ដូច​ជា​ពិភពលោក​ទៀត​ផង” ប្រសាសន៍​លោក​Rompuy ប្រធាន​សហភាព​អឺរ៉ុប។
ការ​ស្ដារ​ស្ថានភាព​នេះ​មេដឹកនាំ​អឺរ៉ុប​​នឹង​ជួយ​តាម​រយៈ​ការ​ទិញ​ សញ្ញាប័ណ្ណ​រដ្ឋាភិបាល​ក្រិក​ក្នុង​តម្លៃ​ទាប​ពី​ទីផ្សារ​បន្ទាប់​និង​ផ្ដល់ ​ប្រាក់​កម្ចី​តែ​ម្ដង។មួយ​ផ្នែក​នៃ​ការ​ផ្ដល់​ហិរញ្ញប្បទាន​នេះ មេដឹកនាំ​អឺរ៉ុប​នឹង​ផ្ដល់​ឲ្យ​ប្រទេស​ក្រិក​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ ៣.៥% ព្រម​ទាំង​មាន​កាលវសាន្ត​​យូរ​នៅ​ចន្លោះ​ពី​១៥ទៅ​៣០ឆ្នាំ។
ប្រទេស​​ក្រិក​មាន​បំណុល​ដល់​ទៅ​៥០០ពាន់លាន​ដុល្លារ ឬ​ប្រហែល​ជា​១៦០%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។
បកប្រែ៖ ផេង ស៊ីថាន