Tuesday, June 7, 2011

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​ច្របូក​ច្របល់​ចំពោះ​ការ​ចាត់​វិធាន​ការ​ប្រឆាំង​អំពើ​​ពុក​រលួយ​ក្នុង​វិស័យ​រ៉ែ

«ឆ្មារ​ស៊ី​ត្រីអាំង​យើង​អាច​ទាញ​ព្រលូង​វាយ​សំពង​ចាប់​ក្រញិច​វា​បាន រួច​ចុះ​បើ​ខ្លា​ចាប់​លី​គោ​យក​ទៅ​ស៊ី​វិញ​នោះ តើ​យើង​នឹង​ទៅ​ចាប់​ក្រញិច​វា ឬ​យ៉ាង​ណា?​» នេះ​ជា​បញ្ហា​មួយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​​ពុក​រលួយ​របស់​រដ្ឋាភិបាល​ កំពុង​តែ​ច្របូក​ច្របល់​ថា តើ​គួរ​ត្រូវ​សម្រេច​ចិត្ដ​យ៉ាង​ណា​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ធំៗ​ ដែល​កំពុង​តែ​កើត​មាន​យ៉ាង​ពុះ​កញ្ជ្រោល​ក្នុង​វិស័យ​រ៉ែ​ដែល​អ្នក​ ប្រព្រឹត្ត​មិនមែន​ជា​មនុស្ស​ធម្មតា។
ស្ថាប័នប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល

លោក កែវ រ៉េមី អ្នក​នាំ​ពាក្យ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឲ្យ​ដឹង​កាល​ពី​ ម្សិលមិញ​អំពី​ការ​បែក​ធ្លាយ​ជា​សាធារណៈ​ពី​សំណូក​របស់​ក្រុមហ៊ុន​រ៉ែ​របស់​ ប្រទេស​អូស្ត្រាលី និង​ក្រុម​ហ៊ុន​បរទេស​មួយ​ចំនួន​ទៀត​ទៅ​ឲ្យ​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​ ជា​ថ្នូរ​ចំពោះ​ការ​សម្រប​សម្រួល​ដល់​សកម្មភាព​រកស៊ី​របស់​ពួកគេ​លើ​វិស័យ​ នេះ​ដោយ​សំអាង​ថា «វាជា​ការ​សម្ងាត់»។
លោក កែវ រ៉េមី បាន​ឆ្លើយ​ថា ប្រសិន​បើ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​បង្ហាញ​ព័ត៌មាន​ច្រើន​ពេក​អំពី​ ការ​ស៊ើប​អង្កេត​នោះ​ជន​ដែល​ជា​គោល​ដៅ​នឹង​ដឹង​ថា រដ្ឋាភិបាល​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ ហើយ​ជន​សង្ស័យ​នឹង​ចាប់​ផ្ដើម​លុប​បំបាត់​ភស្ដុតាង​ចោល។ ដែល​វា​ត្រូវ​បាន​គេ​និយាយ​ថា ជា​ភាសា​ដោះសា​មួយ​ដើម្បី​បិទ​បាំង​ភាព​ច្របូក​ច្របល់​ចំពោះ​ការ​តាំង​ជំហរ​ របស់​អង្គភាព​នេះ​ថា នឹង​ត្រូវ​ចាត់​វិធាន​ការ​លើ​ជន​ពុក​រលួយ​ទាំង​នោះ ឬ​យ៉ាង​ណា?
បញ្ហា​នេះ​បាន​កើត​មាន​បន្ទាប់​ពី​មាន​ការ​លេច​ធ្លាយ​ថា ក្រុម​ហ៊ុន​មួយ​ឈ្មោះ Shin Ha Miningដែល​គ្រប់គ្រង​ដោយ​ពួក​មន្រ្ដី​ក្នុង​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និង​ថាមពល​បាន​ទទួល​លុយ​ចំនួន​៤,៦​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០០៩​ជា​ថ្នូរ​ ចំពោះ​ភាគ​ហ៊ុន​២០​ភាគរយ​របស់​ខ្លួន​នៅ​ក្នុង​គម្រោង​រ៉ែមាស​មួយ​ក្នុង​ ខេត្ដ​មណ្ឌលគិរី​ដែល​ប្រតិបត្តិ​ការ​ដោយ​ក្រុមហ៊ុន OZ Mineralsពី​ប្រទេស​អូស្ត្រាលី។
នៅ​ក្នុង​អ៊ីម៉ែល​មួយ​របស់​ក្រុម​មន្រ្ដី​រដ្ឋាភិបាល​និង​ក្រុមហ៊ុនShin Ha Mining ដែល​ត្រូវ​បាន​លើក​យក​មក​បង្ហាញ​ដោយ​ព្រឹត្តិបត្រ ឌឹ ឃេមបូឌា ដេលី ចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ​ថា សមាជិក​ក្រុមប្រឹក្សា​នាយក​របស់​របស់​ក្រុមហ៊ុនShin Ha ៣រូប​ដែល​បាន​ទទួល​លុយ​ជាង​៩០ម៉ឺន​ដុល្លារ​នោះ គឺជា​ម្ដាយ​ក្មេក និង​កូនស្រី​របស់​មន្រី្ដ​សំខាន់ៗ​មក​ពី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល។
មន្រ្ដី​ទាំងនេះ​រួម​មាន​លោក កែវ រតនៈ ដែល​ជា​នាយក​គ្រប់គ្រង​បច្ចុប្បន្ន​នៃ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ដែល​ ធ្លាប់​ធ្វើជា​ប្រធាន​ខុទ្ទកាល័យ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​នៅ​ពេល​ដែល​មាន​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន OZ Minerals និង​ក្រុមហ៊ុន Shin Ha កាល​ពីឆ្នាំ​២០០៦, លោក សុខ ឡេង​ជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង​លោក យស មុនីរ័ត្ន ជា​ប្រធាន​នាយក​ដ្ឋាន​មួយ​នៅ​ក្នុង​ក្រសួង​នេះ​ដែរ។
នេះ​ជា​ការ​ផ្ទុះ​ឡើង​ជាថ្មី​ទៀត ខណៈ​កាល​ពី​ឆ្នាំ​ទៅ​អំពើ​ពុករលួយ​ក្នុង​វិស័យ​នេះ​បាន​ធ្វើ​ឲ្យ​មាន​រឿង​ ចម្រូង​ចម្រាស​ខ្លាំង​ក្លា​រវាង​ក្រុម​មន្រ្ដី​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​ ជាមួយ​ក្រុមហ៊ុនTOTALរបស់​ប្រទេស​បារាំង​ដែល​ទទួល​បាន​សិទ្ធិ​លើ​ការ​រុករក​ ប្រេង​នៅ​តំបន់​មួយ​នា​ឈូង​សមុទ្រ​កម្ពុជា និង​ក្រុមហ៊ុន​រុករក​រ៉ែ​ដ៏​ធំ​មួយ​ពី​ប្រទេស​អូស្ត្រាលី​ឈ្មោះ BHP Billiton ដែល​បាន​ចំណាយ​លុយ​អស់​រាប់​លាន​ដុល្លារ​ទៅ​ឲ្យ​ក្រុម​មន្រ្ដី​រដ្ឋាភិបាល​ ជា​ថ្នូរ​នឹង​ការ​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។
សេចក្ដី​រាយ​ការ​ថា មាន​ក្រុមហ៊ុន​ធំៗ​ដែល​បាន​ចូល​មក​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​សុទ្ធ​សឹង ​តែ​មាន​ភាគ​ហ៊ុន​របស់​អ្នក​មាន​អំណាច។ ពួក​គេ​ពុំ​មាន​លុយ​សម្រាប់​ដាក់​ហ៊ុន​ទេ ប៉ុន្ដែ​ពួក​គេ​មាន​អំណាច​ក្នុង​ការ​សម្រួល​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ធ្វើ​ សកម្មភាព​ដោយ​សេរី។ ដែល​ជា​ការ​បញ្ជាក់​បាន​ថា ផល​ប្រយោជន៍​របស់​ជាតិ​កំពុង​តែ​ត្រូវ​បាន​ហែក​ចែក​គ្នា​ស៊ី​ដោយ​ពួក​អ្នក​ មាន​អំណាច​ក្នុង​រដ្ឋាភិបាល​នេះ។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សម​រង្ស៊ី​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​របស់​កម្ពុជា​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា «ចំពោះ​បញ្ហា​នេះ ខ្ញុំគិត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន»។ ដោយ​បាន​លើក​ឡើង​ថា ការ​ចេញ​អាជ្ញាប័ណ្ណ​រ៉ែ​នៅ​កម្ពុជា​ពុំ​មាន​តម្លាភាព​ទេ៕

No comments:

Post a Comment