Tuesday, June 7, 2011

ប្រធាន AP ប្រចាំ​ក្រុង​បាងកក​ហៅ​មហាក្សត្រ​ខ្មែរ​ថា ជា​អ្នកទោស​គួរ​ឲ្យ​អាណិត​របស់ ហ៊ុន សែន

ប្រធាន​ការិយាល័យ​ភ្នាក់ងារ​សារព័ត៌មាន​របស់​អាមេរិក Associated Press (AP) មាន​ការិយាល័យ​នៅ​ទីក្រុង​បាងកក​កាល​ពីពេល​ថ្មីៗ​នេះ បាន​ធ្វើ​ការ​ពិពណ៌នា​ដោយ​ហៅ​មហាក្សត្រ​វ័យ​ក្មេង​របស់​កម្ពុជា​ថា ជា​អ្នក​ទោស​គួរ​ឲ្យ​អាណិត​របស់ ហ៊ុន សែន។
សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា

នៅ​ក្នុង​បទពណ៌នា​សមល្មម​មួយ​ដោយ​មាន​ការ​ដកស្រង់​មតិ​របស់​ឥស្សរជន​ នយោបាយ​ដាក់​បញ្ចូល​ជា​ទឡ្ហីករណ៍​ផង​ដែល​អាច​បញ្ជាក់​ថា បាន​ឆ្លើយ​តប​ទៅ​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​នោះ លោក Denis Gray បាន​លើក​ឡើង​ថា ហ៊ុន សែន ជាអ្នក​ធ្វើ​ឲ្យ​មហាក្សត្រ​ក្លាយ​ជា​អ្នកទោស​នៅ​ក្នុង​បរម​រាជវាំង​របស់​ ព្រះអង្គ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​អ្នក​ឃ្លាំមើល​ដែល​ភាគ​ច្រើន​ជា​ក្រុម​មន្ដ្រី​ មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា។ ដោយ​បាន​បន្ថែម​ថា គឺជា​អ្នក​ទោស​គួរ​ឲ្យ​អាណិត​របស់​នាយក​រដ្ឋមន្រ្ដី​វ័យ​ឆ្លាត​មាន​កលល្បិច​ និង​គ្មាន​ធម្មមេត្តា។
ជា​មួយ​គ្នា  Gray ក៏​បាន​លើក​យក​ការ​អត្ថាធិប្បាយ​របស់​លោក សុន ឆ័យ ​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្រ្ដ​គណ​បក្ស​សម​រង្ស៊ី​មក​សំអាង​ផង​ដែរ​ ដែល​ថា ព្រះអង្គ​ទទួល​យក​រាជា​ភិសេក​ដោយ​មាន​ការ​គាប​សង្កត់​ពី​មាតា​បិតា​របស់​ ព្រះអង្គ។ ហើយ​ថា ជា «ស្ដេច​អាយ៉ង»។ ក្នុង​នោះ​ក៏​មាន​ការ​បង្ហាញ​ទស្សនៈ​របស់​លោក សឺន ស៊ូប៊ែរ្ដិ៏​ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ឲ្យ​មាន​សមាជជាតិ​មួយ​ ដែល​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​ទូទៅ​បាន​បញ្ចេញ​មតិ​ដោយ​ផ្ទាល់​ពី​ទុក្ខ​កង្វល់ ​របស់​គេ​ទៅ​កាន់​​រដ្ឋាភិបាល។
ដោយ​មាន​ជំនាញ​សំខាន់​ត្រឹម​តែ​ជា​អ្នក​រាំ​របាំ​ជាមួយ​ចរិត​ល្វន់ល្វន់​ ពី​ធម្មជាតិ​នោះ​ទ្រង់ សីហមុនី ត្រូវ​បាន​ជ្រើស​តាំង​ដោយ​រីករាយ​ចំពោះ​បេក្ខភាព​ព្រះ​មហាក្សត្រ​របស់​ កម្ពុជា​បន្ទាប់​ពី​​បិតា​របស់​ទ្រង់ គឺ​ទ្រង់ នរោត្ដម សីហនុ បាន​លាលែង​កាល​ពី​អំឡុង​ខែ​តុលា​ឆ្នាំ​២០០៤។ ភ្លាមៗ​នោះ​ទ្រង់​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុមប្រឹក្សា​រាជ​បល្ល័ង្ក​ដែល​ សមាជិក​ភាគ​ច្រើន​មក​ពី​បក្ស​កាន់​អំណាច​ឲ្យ​ឡើង​គ្រង​រាជ។
ថ្វី​ត្បិត​ទ្រង់​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​នៅ​ក្នុង​តួនាទី​សង្គម​ ប៉ុន្ដែ​មុខ​មាត់​ផ្នែក​នេះ​ជាទូទៅ​គេ​មើល​ឃើញ​ថា ត្រូវ​បាន​ដណ្ដើម​យក​គ្មាន​សល់​ដោយ​ជំទាវ ប៊ុន រ៉ានី ហ៊ុន​សែន ក្នុង​ឋានៈ​ជា​ប្រធាន​កាក​​បាទ​ក្រហម​កម្ពុជា។ ជាមួយ​ភាព​គ្មាន​អត្ថន័យ​ទ្រង់ សីហមុនី ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ធ្វើ​ឲ្យ​មាន​ភាព​គ្នាន់​ក្នាញ់​ដល់​អារម្មណ៏​ប្រជា​ពលរដ្ឋ​ខ្មែរ ខណៈ​កាល​ពីឆ្នាំ​២០០៥​ដែល​មិន​ទាន់​ដល់​មួយ​ឆ្នាំ​ផង នៃ​ការ​ឡើង​គ្រង​រាជ ទ្រង់ សីហមុនី បាន​ឡាយ​ព្រះហស្ថ​លេខា​ដោយ​គ្មាន​សាញ​ទទួល​ស្គាល់​អនុសញ្ញា​បំពេញ​បន្ថែម​ ស្ដីពី​ព្រំដែន​គោក ដែល​រដ្ឋាភិបាល​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​លើក​បន្តុប​ដោយ​យួន​បាន​ ចុះហត្ថលេខា​ព្រម​ព្រៀង​ជាមួយ​រដ្ឋាភិបាល​យួន​កាល​ពីឆ្នាំ១៩៨៥​ ដែល​សាធារណៈ​ជន​ខ្មែរ​យល់​ថា បាន​ធ្វើ​ឲ្យ​ខ្មែរ​បាត់បង់​ទឹកដី​ទៅ​យួន។ នៅ​ចំណុច​នេះ បើ​ទោះបី​ជា​​ពលរដ្ឋ​ខ្មែរ​បាន​រង្គាល​ចិត្ដ​ចំពោះ​ទ្រង់​, ប៉ុន្ដែ​ទ្រង់​និង​មាតា-បិតា​របស់​ទ្រង់​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​​ពេញ​ ទំហឹង​ដោយ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ក្នុង​អំឡុង​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​យួន​កាល​ពីឆ្នាំ​២០០៩៕

No comments:

Post a Comment