Thursday, June 2, 2011

អតីត​អ្នកទោស​មនសិការ សុខ យឿន ប្រាថ្នា​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​មួយ​ជីវិត

មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា សហរដ្ឋ​អាមេរិក​ជា​អ្នក​នាំ​មុខ​គេ​លើ​ពិភព​លោក​ខាង​លទ្ធិ​ប្រជាធិបេតយ្យ និង​សេរី ប៉ុន្តែ​សម្រាប់​ខ្ញុំ គឺ​ហ្វាំងឡង់​ទៅ​វិញ​ទេ នេះ​ជា​ប្រសាសន៍​របស់​សកម្ម​ជន​សេរី​និយម​រស់​នៅ​និរទេស​ខ្លួន សុខ យឿន នៃ​គណ​បក្ស​ប្រឆាំង​កម្ពុជា
លោក សុខ យឿន (រូប៖Susanna Kekkonen)

នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ​នៃ​ផ្ទះ​ល្វែង ជីតា​កំពុង​អង្គុយ​ប្រកប​ដោយ​ទឹក​មុខ​មាំ​ក្បែរ​ចៅ​ស្រី​អាយុ​ទើប​បាន​២ខែ​ ឈ្មោះ សូរិយ៉ា សូហ្វី។ លោក សុខ យឿន អាយុ​៧៥​ឆ្នាំ​បាន​ឃើញ និង​មាន​បទ​ពិសោធន៍​យ៉ាង​ច្រើន​នៅ​ក្នុង​ជីវិត​របស់​លោក។ ជា​សមាជិក​គណ​បក្ស​ប្រឆាំង​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ធ្លាប់​ត្រូវ​ជាប់​ពន្ធនាគារ​ជាង​៨ឆ្នាំ​ដោយ​សារ​តែ​ហេតុ​ផល​ចង់​បាន​ លទ្ធិ​ប្រជាធិបេតយ្យ។
ចាប់​តាំង​ពី​ឆ្នាំ​២០០៤មក ជា​ជន​ភៀស​ខ្លួន​រស់​នៅ​តំបន់ Suvela ក្នុង​ខេត្ត Espoo លោក​មិន​បាន​រៀន​សូត្រ​ភាសា​ហ្វាំង​ឡង់​ឡើយ ប៉ុន្តែ​កូន​ប្រសា​ប្រុស សរ សោភ័ណ ជួយ​បក​ប្រែ​ពី​ភាសា​ខ្មែរ។ កូនស្រី សុខ សរ យក់ហូរ បំរើ​ទឹក​តែ​ដល់​យើង។ លោក សុខ យឿន រៀបរាប់​យ៉ាង​នេះ​ថា «ពេល​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​ទទួល​រង​នូវ​ទារុណ​កម្ម​ស្ទើរ​រាល់​ថ្ងៃ។ ពេល​ខ្លះ​ខ្ញុំ​ត្រូវ​គេ​ចង​ព្យួរ​ដាំ​ក្បាល​ចុះ​ក្រោម រុំ​ក្បាល​ដោយ​ថង់​ផ្លាស្ទិក ពេល​ខ្លះ​គេ​បោះ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទឹក​ស្ទឹង។ ពេល​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ជា​លើក​ទី៣ ខ្ញុំ​ត្រូវ​គេ (យួន) ដាក់​ក្នុង​បន្ទប់​ងងឹត​អស់​រយៈ​ពេល​១៤​ខែ (បន្ទប់​តូច​មួយ​ទទឹង​១ម៉ែត្រ បណ្តោយ​ប្រហែល​១,៧០​ម៉ែត្រ និង​កំពស់​ប្រហែល​២ម៉ែត្រ)។ ប៉ុន្មាន​ខែ​ដំបូង គេ​ដាក់​ច្រវាក់​ជើង និង​ខ្នោះ​ដៃ​ទាំង​យប់​ទាំង​ថ្ងៃ​លើ​កំរាល​ឥដ្ឋ រួច​បន្ទាប់​មក​គេ​ដោះ​ច្រវាក់​ជើង​ចេញ​ទុក​តែ​ខ្នោះ​ដៃ»។
តើ​អ្វី​ទៅ​ដែល​រក្សា​សម្បជញ្ញៈ​របស់​លោក ? នោះ​គឺ​ការ​តស៊ូ​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​ ដែល​នេះ​ជា​គោល​បំណង​របស់​លោក ហើយ​ជា​អ្វី​ដែល​លោក​លើក​ឡើង​ជា​ច្រើន​ដង (នៅ​ក្នុង​កិច្ច​សម្ភាសន៍)។
កម្ពុជា​ជា​ប្រទេស​ពុក​រលួយ​មួយ ជា​ពិសេស​ជា​ទី​កន្លែង​ដែល​អ្នក​កាសែត ក្រុម​អ្នក​ប្រឆាំង និង​ប្រជា​ពល​រដ្ឋ​រត់​ភៀស​ខ្លួន​ពី​មាតុភូមិ។ យោង​តាម​ស្ថាន​ការណ៍​នយោបាយ​បាន​បញ្ជាក់​ថា ប្រទេស​នេះ​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវ​ការ​ចំនួន​៦ដង​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៥០​មក។ នៅ​ឆ្នាំ​១៩៩៨ គណ​បក្ស​កាន់​អំណាច​បាន​ចោទ​ប្រកាន់​លោក សុខ យឿន ពី​បទ​ប៉ុន​ប៉ង​ធ្វើ​ឃាត​លោក​នាយក​រដ្ឋ​មន្រ្តី។ ពេល​ដែល​ការ​ចោទ​ប្រកាន់​មាន​ភាព​ខុស​ស្រឡះ ហើយ​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​រូប​នេះ​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់ ដែល​អាច​ប្រឈម​ទៅ​នឹង​ការ​ធ្វើ​ទារុណ​កម្ម​ជា​ថ្មី ស្នងការ​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​បាន​ផ្តល់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ នយោបាយ​ដល់​លោក។ លោក សុខ យឿន បាន​ភៀស​ខ្លួន​មក​កាន់​ប្រទេស​ថៃ​ជិត​ខាង​ ទី​កន្លែង​ដែល​លោក​ត្រូវ​ចាប់​ខ្លួន នឹង​រង់ចាំ​ធ្វើ​បត្យា​ប័ន​តាម​អ្វី​ដែល​រដ្ឋា​ភិបាល​កម្ពុជា​ចង់​បាន។ លោក​រង់ចាំ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​អស់​រយៈ​ពេល​៤ឆ្នាំ។ ចុង​ក្រោយ​លោក​ត្រូវ​បាន​ដោះ​លែង​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០០៤ រួច​បញ្ជូន​មក​កាន់​ប្រទេស​ហ្វាំងឡង់ ទី​ដែល​ក្រុម​គ្រួសារ​រង់ចាំ។ រូប​ថត​ពេល​ដែល​លោក​មក​ដល់​ក្រុង Helsinki ឃើញ​ព្យួរ​នៅ​ជញ្ជាំង​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ជា​អនុស្សាវរីយ៏។
សុខ យឿន ទំនង​ជា​ពិបាក​រួច​ខ្លួន​ខ្លាំង​ណាស់ បើ​គ្នា​ការ​ជួយ​ពី Amnesty International ដែល​មាន​សាខា​ចំនួន​១៥​នៅ​លើ​ពិភពលោក​ធ្វើ​យុទ្ធនាការ​ជួយ។ នៅ​ក្នុង​ពន្ធនាគារ​លោក​ទទួល​សំបុត្រ​គាំទ្រ និង​កាត​ចំនួន​២៧០០។ លោក​អះអាង​ថា «ខ្ញុំ​មិន​ដែល​បំភ្លេច​អ្នក​គាំទ្រ​របស់​ខ្ញុំ​ទាំង​អស់​នោះ​ឡើយ»។
ធំធាត់​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឳពុក​ជា​អ្នក​នេសាទ លោក​ជួប​ប្រទះ​នូវ​ជីវិត​កុមារភាព​ក្នុង​សង្រ្គាម​លោក​លើក​ទី២ ពេល​ដែល​កង​ទ័ព​ជប៉ុន​ចូល​ទន្ទ្រាន​កាន់​កាប់​កម្ពុជា រួច​បន្ទាប់​មក​បារាំង​បាន​ចូល​ជំនួស។ សម័យ​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥-១៩៧៩ លោក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​បង្ខំ​ឲ្យ​ ធ្វើ​ការ​ជា​ទម្ងន់​នៅ​ជន​បទ​ដែល​គេ​ហៅ​ថា ជា​វាល​ពិឃាត។ លោក សុខ យឿន រៀបរាប់​យ៉ាង​ដូច្នេះ​ថា «យើង​ទាំង​អស់​គ្នា​ជា​ទាសករ។ ម្នាក់ៗ​ត្រូវ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​បាន​បាយ​បន្តិច​បន្តួច។ ដោយ​ឃើញ​ភាព​ព្រៃ​ផ្សៃ​របស់​កុម្មុយនិស្ត​ម៉ៅ​និយម​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក​ចង់​ផ្លាស់​ប្តូរ​សង្គម តែ​មិន​មែន​តាម​អំពើ​ហិង្សា​ទេ។
ជា​ពុទ្ធសាសនិក​ម្នាក់ និង​ធ្លាប់​បាន​រៀន​សូត្រ​ខ្លះៗ​ពី​សាសនា​កាតូលិក ទំនង​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​លោក​មាន​ការ​ទប់​ចិត្ត។ លោក​និយាយ​ថា «ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​បេះដូង​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ។ សព្វ​ថ្ងៃ​ប្រជា​ពល​រដ្ឋ​កំពុង​រង​ទុក្ខ​វេទនា​ក្រោម​របប​ផ្តាច់​ការ»។
មេ​ដឹកនាំ​គណ​បក្ស​ប្រឆាំង​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​លោក សម រង្ស៊ី កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង។ លោក សុខ យឿន សង្ឃឹម​ថា សហគមន៍​អឺរ៉ុប​នឹង​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បើក​ផ្លូវ​ ឲ្យ​មេដឹកនាំ​លោក​បាន​វិល​ត្រឡប់​ចូល​មាតុភូមិ​វិញ។ ការ​វិល​ត្រឡប់ ជា​ក្តី​ស្រមៃ​របស់​លោក។
«ខ្ញុំ​បាន​រៀន​សូត្រ​យ៉ាង​ច្រើន​ពី​អ្វី​ដែល​ល្អ​ពី​ហ្វាំងឡង់ ហើយ​នឹង​ពាំ​នាំ​យក​ទៅ​ស្រុក​ខ្មែរ ដូចជា​សិទ្ធិ​ស្មើ​គ្នា តម្លាភាព អភិបាល​កិច្ច​ល្អ និង​ការ​គោរព​ច្បាប់។ ទាំង​អស់​នេះ​ហើយ​ដែល​ជួយ​ឲ្យ​ខ្ញុំ​រីក​រាយ​បាន​ខ្លះ​នា​ជីវិត​រស់​​នៅ​ បច្ចុប្បន្ន​ក្នុង​ប្រទេស​ហ្វាំងឡង់»៕
អត្ថបទ​ដោយ Marko Leppanen រូប​ដោយ Susanna Kekkonen
ប្រែ​សម្រួល​ពី​ភាសា​ហ្វាំងឡង់​ដោយ សរ សោភ័ណ ពី​កាសែត Helsingin Sanomat (www.hs.fi) ចុះ​ផ្សាយ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១១

No comments:

Post a Comment