- Tuesday, 11 October 2011 12:
ចំពោះធុរជនជាស្ត្រីនៅព្រះរាជាណាចក្រកម្ពុជា វាពិតជាលំបាកណាស់ក្នុងការស្វែងរកមនុស្សម្នាក់ ដែលមានទំនាក់ទំនងល្អ ទទួលបានការគោរព និងជោគជ័យជាង លោកស្រី លឹម ឈីវហូ ដែលជាសមាជិកត្រកូលលឹមពិភពលោក និងជាមនុស្សម្នាក់ដែលមានប្រវត្តិជោគជ័យពិតប្រាកដនៅប្រទេស កម្ពុជា។
លោកស្រី លឹម ឈីវហូ បានរួចជីវិតពីរបបខ្មែរក្រហម ដែលគេប្រើឲ្យគាត់កាប់ដីស្រែនៅតំបន់ជនបទមួយ ហើយគាត់ដឹងថា នឹងត្រូវគេបាញ់សម្លាប់ប្រសិនបើគាត់ ឈប់ធ្វើការ។ លោកស្រី បានបាត់បង់សមាជិកគ្រួសារពាក់កណ្តាល តែបច្ចុប្បន្ន លោកស្រីគឺជាកម្លាំងនាំមុខមួយរូបក្នុងការកែប្រែ ស្តារ និងអភិវឌ្ឍប្រទេសកម្ពុជា។
លោកស្រី បានចាប់ផ្តើមប្រកបមុខរបរតាមទូកទៅមកជាមួយនឹងកប៉ាល់នៅសមុទ្រ នៅពេលដែលប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងប្រដាប់ អាវុធនៅឡើយ ដោយនាំយកនូវសម្ភារផ្គត់ផ្គង់ជាច្រើន ដូចជាស្រាវីស្គី និងបារី ព្រមទាំងមានទំនាក់ទំនងមិត្តភកិ្តក្នុងជួរទាហានប្រដាប់អាវុធ ដោយចម្អិនម្ហូប និងដាំបាយឲ្យទាហានទាំងនោះ ហើយរយៈពេលជាច្រើនឆ្នាំក្រោយមក គាត់បានកសាងកេរ្តិ៍ឈ្មោះល្អ និងជាអ្នកមានឥទ្ធិពលមួយរូបក្នុងពិភពអ្នកជំនួញនៅកម្ពុជា។
លោកស្រី លឹម ឈីវហូ ជាអគ្គនាយកក្រុមហ៊ុន អិល ស៊ី អេច អ៊ីនវេសមិន គ្រូប និងជាអគ្គនាយកគ្រប់គ្រងនៅក្រុមហ៊ុន អេតវូដ នីហរ័ណ អាហរ័ណ ដែលទទួលបានសិទ្ធិផ្តាច់មុខនាំចូលស្រាម៉ាក Hennessy ស្រា Johnny Walker និងស្រាបៀរ Heineken នៅកម្ពុជា។
លោកស្រី ក៏ជាប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់ទទួលបានជោគជ័យយ៉ាងខ្លាំងមួយស្ថិតនៅខាងក្រៅរាជ ធានីភ្នំពេញ និងជាតំបន់ដែលក្រុមហ៊ុនបរទេសអាចរៀបចំ និងប្រតិបត្តិការរោងចក្ររបស់ខ្លួនបានយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយមានការផ្គត់ផ្គង់អគ្គិសនី និងទឹកជាប្រចាំ និងមានរបងការពារព័ទ្ធជុំវិញតំបន់នោះ ដែលក្រុមហ៊ុនទាំងនោះ អាចយកចិត្តទុកដាក់នឹងការងាររបស់ខ្លួន ដោយពុំចាំបាច់ព្រួយបារម្ភអំពីចោរឡើយ។
លោកស្រី កំពុងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងអាកាសយានដ្ឋានអន្តរជាតិស្ទឹងហាវ ក្នុងខេត្តព្រះសីហនុ។ លោកស្រី គឺជាអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយ ដែលមានឈ្មោះថា អិល ស៊ី អេច អ៊ីនវេសមិន គ្រូប ដែលបានអភិវឌ្ឍអគារការិយាល័យរបស់លោកស្រីនៅមជ្ឈមណ្ឌល អេតវូដ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពោលគឺជាអគារមួយ ដែលមានសាខាធនាគារបី ភោជនីយដ្ឋានពីរ ហាង KFC និងកន្លែងស្តាប់ភ្លេងមួយ។
ក្រុមហ៊ុន អេតវូដ អ៊ីនវេសមិន ក្រុម ដែលជាម្ចាស់ក្រុមហ៊ុន អិល ស៊ី អេច ស៊ីអ៊ី ម៉ូប៉ៃយល៍ អិលធីឌី ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយទូរស័ព្ទដៃម៉ាក Samsung ហើយលោកស្រី លីម ឈីវយី ដែលជាប្អូនស្រីរបស់លោកស្រី គឺជាអ្នកទទួលចែកចាយផ្តាច់មុខនូវគ្រឿងអេឡិចត្រូនិកម៉ាក Phillips នៅកម្ពុជា។
លោកស្រី លីម បានចំណាយពេលវេលារបស់លោកស្រីជាមួយនឹងកាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីសប្តាហ៍មុន ដើម្បីបង្ហាញពីចំណាប់អារម្មណ៍របស់លោកស្រីចំពោះអនាគតកម្ពុជា។
លោកស្រីបានមានប្រសាសន៍ថា៖«កម្ពុជា គឺជាកន្លែងវិនិយោគដ៏ល្អមួយ ដោយសារទីផ្សារកម្ពុជា បើកចំហយ៉ាងខ្លាំង ហើយឥឡូវនេះ គឺជាពេលដ៏ល្អបំផុតដើម្បីវិនិយោគក្នុងវិស័យកសិកម្ម ផលិតកម្ម ទេសចរណ៍ ឬហេដ្ឋារចនាសម្ព័ន្ធ»។
ក្រោយពីបានរួចជីវិតពីអតីតកាលដ៏គួរឲ្យភ័យខ្លាច និងបានធំដឹងក្តី ខណៈដែលប្រទេសកម្ពុជាបានអភិវឌ្ឍ លោកស្រី លីម មានបំណងឲ្យមនុស្សគ្រប់គ្នាដឹងថា នៅពេលនេះ កម្ពុជា គឺជាកន្លែងដែលមានសុវត្ថិភាព កក់ក្តៅ និងបើកចំហសម្រាប់ការធ្វើពាណិជ្ជកម្ម។
លោកស្រី បានមានប្រសាសន៍ថា៖ «កម្ពុជា មានសុវត្ថិភាពណាស់។ ពុំមានការបាញ់បោះនៅទីនេះទៀតទេ។ វិនិយោគិនធំៗ អាចមកកម្ពុជា ដែលបច្ចុប្បន្នគឺជាកន្លែងដ៏ល្អមួយក្នុងពិភពលោកដើម្បីវិនិយោគ»។
នៅព្រឹកថ្ងៃដដែលនៅពេលធ្វើបទសម្ភាសនេះ លោកស្រី លីម បានទទួលស្វាគមន៍វិនិយោគិនជនជាតិថៃមួយរូប ដែលមកពីក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតអាហារធំៗរបស់ថៃ ដែលកំពុងពិនិត្យមើលការដំឡើងរោងចក្រកែច្នៃអាហារធំមួយនៅទីនេះ។ វិនិយោគិនរូបនេះ បានបង្ហាញពីការភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីសុវត្ថិភាព និងស្ថិរភាពនៅកម្ពុជានាពេលនេះ»។
លោកស្រីមានប្រសាសន៍ថា៖ «គាត់ប្រាប់ខ្ញុំថា គាត់ជឿជាក់ថា អនាគតកម្ពុជានឹងកាន់តែល្អប្រសើរ»។
លោកស្រីបន្ថែមថា៖«លោកស្រីក៏យល់ដូចវិនិយោគិនរូបនេះដែរ។ យើងស្វាគមន៍គាត់ និងរោងចក្ររបស់គាត់នៅទីនេះ»។
លោកស្រី លីម មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការផ្លាស់ប្តូរឲ្យកាន់តែប្រសើរផងដែរ។
លោកស្រី លីម សង្ឃឹមថា តម្លៃអគ្គិសនី នឹងធ្លាក់ចុះនាពេលអនាគត និងមានមន្ទីរពេទ្យ ព្រមទាំងសាលារៀនកាន់តែច្រើនថែមទៀត។ ក្នុងនាមជាធុរជនដ៏ជោគជ័យមួយរូប លោកស្រី ប្តេជ្ញាថានឹងបន្តអភិវឌ្ឍវិទ្យាស្ថានអប់រំសម្រាប់បណ្តុះបណ្តាលកូន ខ្មែរឲ្យកាន់តែជោគជ័យ ព្រមទាំងមន្ទីរពេទ្យល្អៗថែមទៀត ដោយចាត់ទុកថាជាផ្នែកមួយនៃមរតករបស់លោកស្រី។
លោកស្រីមានប្រសាសន៍ថា៖«ខ្ញុំក៏ចង់ឲ្យតម្លៃថាមពលនៅកម្ពុជា ថោក ដែរ»។ នៅចុងបញ្ចប់នេះ លោកស្រី លីម ក៏ទទួលបានសម្បទានមួយ ដើម្បីសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្ម ដែលមានកម្លាំង៩០មេហ្គាវ៉ាត់ផងដែរ។
លោកស្រីបន្តថា៖ «កម្ពុជា ជាទីផ្សារបើកចំហមួយ ហើយនៅពេលអនាគតនឹងក្លាយជាកន្លែងដ៏ល្អមួយផងដែរ។ សូមកុំបារម្ភ ខ្ញុំចង់ប្រាប់ទៅវិនិយោគិនបរទេសទាំងអស់ឲ្យមកវិនិយោគនៅកម្ពុជា។ ចាប់ពីពេលនេះទៅ កម្ពុជាពិតជាកន្លែងវិនិយោគដ៏ល្អ និងមានសុវត្ថិភាពណាស់»។
អាថ៌កំបាំងនៃភាពជោគជ័យរបស់លោកស្រី លីម គឺត្រូវគ្រប់គ្រងនូវអ្វីដែលយើងកំពុងធ្វើ។ លោកស្រីមានប្រសាសន៍ថា៖ «ដើម្បីទទួលបានជោគជ័យ អ្នកត្រូវគ្រប់គ្រងនូវមធ្យោបាយ ដែលអ្នកជួយដល់បុគ្គលិក និងវិធីជួយដល់ក្រុមហ៊ុនរបស់អ្នក»។
កត្តាសំខាន់មួយទៀតគឺការទុកចិត្ត។
លោកស្រីមានប្រសាសន៍ថា៖ «ប្រសិនបើបុគ្គលិករបស់ខ្ញុំពុំជឿជាក់ចំពោះខ្ញុំ តើខ្ញុំអាចជួយពួកគេដោយរបៀបណា? ដូច្នេះ ខ្ញុំត្រូវតែជាមនុស្សម្នាក់ដែលអាចទុកចិត្តបាន ដើម្បីឲ្យបុគ្គលិករបស់ខ្ញុំជឿជាក់ចំពោះខ្ញុំ»។ លោកស្រីថ្លែងថា៖ «ចំពោះការបណ្តុះបណ្តាលបុគ្គលិករបស់ខ្ញុំ វាដូចគ្នាទៅនឹងអ្វីដែលខ្ញុំធ្វើចំពោះមិត្តភកិ្ត និងក្រុមគ្រួសាររបស់ខ្ញុំ ពោលគឺ គិតជាមួយគ្នា ធ្វើការជាមួយគ្នា និងញ៉ាំបាយជាមួយគ្នា។ នេះជាជីវិតរបស់ខ្ញុំ។ ខ្ញុំមិនដែលផ្លាស់ប្តូរទេ»៕BP
No comments:
Post a Comment