ជាងមួយសប្តាហ៍ក្រោយពីរដ្ឋធានី ទ្រីប៉ូលីបានធ្លាក់ទៅក្នុងដៃរបស់ពួកគេរួចមក ទ័ពឧទ្ទាមលីប៊ីនៅតែតាមចាប់Kadhafiមិនបាន។ ប្រពន្ធនិងកូនចៅរបស់Kadhafi បានទៅដល់ប្រទេសអាល់ហ្សេរីហើយ រីឯKadhafiខ្លួនឯងបន្តលាក់ខ្លួននៅក្នុងប្រទេសលីប៊ីតទៅទៀត។ អាជ្ញាធរបណ្តោះអាសន្នរបស់លីប៊ី គឺក្រុមប្រឹក្សាជាតិអន្តរកាលCNTកំពុងខឹងក្រេវក្រោធ ខឹងទីក្រុងអាល់ហ្សេដែលបានប្រគល់សិទ្ធិជ្រកកោនដល់ក្រុមគ្រួសារ របស់Kadhafi។ តើហេតុអ្វីបានជាថ្នាក់ដឹកនាំប្រទេសអាល់ហ្សេរីជួយយកអាសាក្រុម គ្រួសារKadhafi?
ដំបូងឡើយក្រុមអ្នកសង្កេតការបានភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានដឹងថា ប្រធានាធិបតីអាល់ហ្សេរីBouteflika បានផ្តល់សិទ្ធិជ្រកកោនដល់ក្រុមគ្រួសារKadhafi ពីព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសអាល់ហ្សេរី និងរបបរបស់Kadhafiមិនត្រូវគ្នាទេ មើលមុខគ្នាមិនចំទេ។ប៉ុន្តែ ទីក្រុងអាល់ហ្សេប្រហែលជាគ្មានជម្រើសអ្វីផ្សេង ក្រៅពីជួយយកអាសាក្រុមគ្រួសារKadhafiទេ។ មូលហេតុទីមួយ គឺមកពីអាល់ហ្សេរីដែលមានព្រំដែនជាប់ជាមួយលីប៊ី ក៏ជាប្រទេសមួយដែលឋិតនៅក្រោមការគំរាមកំហែងនៃបដិវត្តន៍ពិភព អារ៉ាប់ដែរ។ និយាយបែបផ្សេង ការភិតភ័យនៅចំពោះមុខចលនាបះបោរធ្វើឲ្យបណ្តាអ្នកកាន់អំណាចផ្តាច់ការ ក្នុងតំបន់ រត់ឱបគ្នា សាមគ្គីគ្នា ជួយគ្នាទៅវិញ ទៅមក។
មូលហេតុមួយទៀត គឺមូលហេតុប្រវត្តិសាស្រ្ត។ សូមកុំភ្លេចថា ប្រទេសអាល់ហ្សេរី បច្ចុប្បន្ន របស់ប្រធានាធិបតីBouteflika បន្តមានមូលដ្ឋាននៅលើមនោគមវិជ្ជានយោបាយសម័យលោកBoumediene ដែលជាប្រធានាធិបតីអាល់ហ្សេរី ក្នុងទសវត្សរ៍ទី៧០។ បានន័យថា Bouteflikaស្អប់ខ្ពើម«ចក្រពត្តិនិយម»ស្អប់ខ្ពើមការជ្រៀតជ្រែកបញ្ហា ផ្ទៃក្នុងនៃប្រទេសមួយពីសំណាក់ប្រទេសមួយទៀត ម្ល៉ោះហើយBouteflikaមិនអាចទទួលយកបានទេ អន្តរាគមន៍យោធារបស់អង្គការអូតង់នៅលីប៊ី។
រីឯមូលហេតុចុងក្រោយដែលជម្រុញឲ្យថ្នាក់ដឹកនាំអាល់ហ្សេរីជួយយកអាសា ក្រុមគ្រួសារKadhafi គឺជាមូលហេតុយុទ្ធសាស្រ្ត។ Bouteflika កំពុងខ្នះខ្នែងធ្វើយ៉ាងណា ដើម្បីខ្ទប់កុំឲ្យមានចលនាបះបោរនៅប្រទេសអាល់ហ្សេរី និងកុំឲ្យអំណាចរបស់ខ្លួនដួលរលំ ដូចនៅទុយនីស៊ី អេហ្សីប និងលីប៊ី។ នៅក្នុងន័យនេះ Bouteflika ចង់ឃើញHafez el-Assad ទទួលបានជ័យជំនះក្នុងការវាយបង្ក្រាបពួកបះបោរ នៅស៊ីរី និងចង់ឲ្យសង្គ្រាមរវាងបក្សពួករបស់Kadhafi និងពួកឧទ្ទាមបន្តទៅទៀតនៅលីប៊ី ទោះបីជាទីក្រុងទ្រីប៉ូលីបានធ្លាក់ទៅហើយក្តី។
ម្យ៉ាងទៀត តាមរយៈការជួយយកអាសាក្រុមគ្រួសារKadhafi Bouteflikaចង់រំ៎ឭកប្រាប់ពលរដ្ឋអាល់ហ្សេរីថា Kadhafiជាអ្នកប្រឆាំងនឹងពួកអ៊ីស្លាមជ្រុលនិយម ម្ល៉ោះហើយជាមិត្ររបស់អាល់ហ្សេរី។ ចូរកុំភ្លេចថា នៅពេញមួយទសវត្សរ៍ទី៩០ អាល់ហ្សេរីបានលង់ខ្លួនក្នុងសង្គ្រាមស៊ីវិលប្រឆាំងនឹងពួកភេរវជន អ៊ីស្លាមជ្រុលនិយម។ ម្ល៉ោះហើយBouteflikaចង់បំផុសបំផុលមនោសញ្ចេតនាជាតិនិយមអាល់ហ្សេរី ចង់បង្វែរអារម្មណ៍របស់ពលរដ្ឋអាល់ហ្សេរីឲ្យឈប់ចងកំហឹងមកលើ ថ្នាក់ដឹកនាំបច្ចុប្បន្ន និងបែរទៅស្អប់ពួកអ៊ីស្លាមជ្រុលនិយមដែលគាត់ចោទថា បង្កប់ខ្លួននៅក្នុងជួរពួកអ្នកឆាំង។
ផែនទីបង្ហាញឲ្យឃើញថា នៅទុយនីស៊ី នៅលីប៊ីដែលសុទ្ធតែមានព្រំដែនជាប់ជាមួយអាល់ហ្សេរី និងនៅអេហ្ស៊ីបដែលមានព្រំដែនជាប់ជាមួយលីប៊ី អំណាចផ្តាច់ការសុទ្ធតែត្រូវបានរំលំ។ នៅក្នុងបរិបទបែបនេះ បដិវត្តន៍ប្រជាធិបតេយ្យក៏នឹងអាចរាលដាលចូលទៅដល់ប្រទេសអាល់ហ្សេរី ដែរ ដ្បិតសង្គមអាល់ហ្សេរីមិនពេញចិត្តទេនឹងរបបផ្តាច់ការចាស់គំរិល របស់Bouteflika និងប្រាថ្នាចង់ឲ្យមានការផ្លាស់ប្តូរ។
មិនតែប៉ុណ្ណោះ ពលរដ្ឋអាល់ហ្សេរីបាន និងកំពុងបន្តតាមដានយ៉ាងម៉ត់ចត់ អភិក្រមនៃប្រជាធិបតេយ្យូបនិយកម្មនៅអេហ្ស៊ីប និងនៅទុយនីស៊ី ហើយច្បាស់ជានឹកមមៃចង់បានការផ្លាស់ប្តូរបៀបនេះ សម្រាប់ប្រទេសរបស់គេដែរ។
ក៏ប៉ុន្តែ ពលរដ្ឋអាល់ហ្សេរីបានហែលឆ្លងកាត់ច្រើនណាស់ទុក្ខវេទនា ដូចយ៉ាងសង្គ្រាមទាមទារឯករាជ្យពីបារាំងដែលបានបញ្ចប់នៅឆ្នាំ១៩៦២ ការងើបបះបោររបស់ជនជាតិភាគតិចBerbère លទ្ធិប្រជាធិបតេយ្យពហុបក្សបានតែមួយខ្យល់ នៅឆ្នាំ១៩៨៨ និងសង្គ្រាមស៊ីវិលជាមួយពួកអ៊ីស្លាមជ្រុលនិយម នៅក្នុងទសវត្សរ៍ទី៩០។ សោកនាដកម្មទាំងអស់នេះធ្វើឲ្យពលរដ្ឋអាល់ហ្សេរីរាងចាល សុទ្ធតែជាបទពិសោធន៍ដែលបានធ្វើឲ្យពួកគេយល់ថា ការផ្លាស់ប្តូរអ្នកដឹកនាំមិនមែនបានន័យថា ជាការផ្លាស់ប្តូររបបនយោបាយនោះទេ។ មិនតែប៉ុណ្ណោះ អាល់ហ្សេរីជាប្រទេសមួយធំណាស់ ធំជាងប្រទេសបារាំងប្រាំដង មានប្រជាជនរហូតដល់ទៅ៣៦លាននាក់ មិនមែនប្រាំ ឬប្រាំមួយលាននាក់ដូចនៅលីប៊ីទេ។ អាល់ហ្សេរីជាប្រទេសមួយដែលមានជនជាតិផ្សេងៗគ្នា ដូចជាពួកSaharien ពួកMozabite ពួកKabyle ពួកAlgérois ពួកOranais។ ពួកជាតិសាសន៍ទាំងអស់នេះ មិនពិតជាចង់ដើរតម្រង់ទៅកាន់ទិសតែមួយដូចគ្នានោះទេ៕
No comments:
Post a Comment