Friday, August 26, 2011

វណ្ណ មូលីវណ្ណកំពូល​ស្ថាបត្យករ​ដ៏​ឆ្នើម

លោក វណ្ណ មូលីវណ្ណ (Vann Molyvann) គឺជា​ស្ថាបត្យករ​ជើង​ចាស់​ដ៏​ល្បីល្បាញ​របស់​ប្រទេស​​កម្ពុជា។​ លោក​បាន​រួម​ចំណែក​ជាច្រើន​ ក្នុង​ស្ថាបត្យកម្ម​ដែល​គេ​ហៅថា​ ស្ថាបត្យកម្ម​ខ្មែរ​ទំនើប នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ជា​ពេល​ដែល​វប្បធម៌​ខ្មែរ​មាន​ការ​ រីកចម្រើន​ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​ របស់​អតីត​ព្រះមហាក្សត្រ ​ព្រះបាទ​ នរោត្តម​ សីហនុ​។

លោក វណ្ណ មួលីវណ្ណ កើត​នៅ​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា​ ឆ្នាំ១៩២៦​ នៅ​​រាម ខេត្ត​កំពត។ ដើមឡើយ លោក​សិក្សា​ផ្នែក​នីតិសាស្ត្រ​ទេ​។ លោក​បាន​ទទួល​សញ្ញាប័ត្រ​ទុតិយភូមិ​ពី​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ នៅ​ទី​ក្រុង​ភ្នំពេញ ក្នុងឆ្នាំ១៩៤៤។ ហើយ​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​ផ្នែក​ច្បាប់​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ក្នុងឆ្នាំ​១៩៤៦។​ បន្ទាប់​ពី​សិក្សា​នៅ​ទីនោះ​រយៈពេល​មួយ​ឆ្នាំ ​លោក​ក៏​បាន​ប្ដូរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម​ នៅ​សាលា​វិចិត្រ​សិល្បៈ​មួយ​នៅ​ប៉ារីស។ ​លោក​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ ជាមួយ​នឹង​ចំណេះដឹង​និង​ទេពកោសល្យ។ លោក​ត្រលប់​មក​ប្រទេស​កម្ពុជា​​វិញ​ នៅ​ឆ្នាំ​១៩៥៥ ​។ មួយ​ឆ្នាំ​ក្រោយ​មក​ ក៏​ត្រូវ​បាន​គេ​តែងតាំង​ជា​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា។ ​លោក​ជា​ព្រឹទ្ធបុរស​ទី​មួយ​នៃ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​(ចាប់​ពី​ឆ្នាំ​១៩៦៥ ​ដល់​ ឆ្នាំ​១៩៦៧)​។
នៅ​ទសវត្សរ៍​៦០​និង​៧០ ​លោក ​វណ្ណ ​មូលីវណ្ណ​ បាន​គូរ​ប្លង់​ស្ថាបនា​​​អាគារ​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា​ ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ​ នៅ​ទីនោះ​ ស្នាដៃ​របស់​លោក ឈរ​យ៉ាង​សង្ហា​ប្រដំប្រសងគ្នា​​​ជាមួយ​នឹង​សំណង់​អាគារ​បុរាណៗ​ វត្តអារាម​ និង​សំណល់​ពី​សម័យ​អាណានិគម។ ​ស្នាដៃ​សំខាន់ៗ​របស់​លោក​មាន​ សាល​សន្និសីទ​ចតុមុខ​ អគារ​គណ​រដ្ឋមន្ត្រី​។ លោក​ក៏​បាន​គូរ​ប្លង់​វត្តអារាម​និង​ស្ថាន​ទូត​ខ្មែរ​នៅ​បរទេស​ជា​ច្រើន​ផង​ ដែរ​។
នៅ​ឆ្នាំ ​១៩៦៣​ លោក​បាន​គូរ​ប្លង់ ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ​ដែល​អាច​ទទួល​ទស្សនិកជន​បាន​ប្រហែល​ ៤ម៉ឺន​នាក់។ នៅ​ឆ្នាំ​ដដែល​ លោក​បាន​ស្ថាបនា​ សាល​មហោស្រព​ជាតិ​ព្រះសុរាម្រិត ​​(មហោស្រព​ជាតិ​កម្ពុជា)​។ លោក​ក៏​បាន​គូរ​ប្លង់​វិមាន​ឯករាជ្យ​ផង​ដែរ។
នៅ​ឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណ​និង​គ្រួសារ​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​ស្វីស។ ​លោក​ធ្វើការ​អោយ​ UN Human Settlements Program រយៈពេល​១០​ឆ្នាំ ​មុន​នឹង​លោក​វិល​ត្រលប់​មក​មាតុ​ប្រទេស​វិញ​នៅ​ឆ្នាំ​ ១៩៩៣​។ លោក​បាន​ចូល​បម្រើ​ការងារ​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ វិចិត្រ​សិល្បៈ នគរូបនីយកម្ម​ និង សំណង់។
ស្នាដៃ​ចំបងៗ:សាល​សន្និសីទ​ចតុមុខ វិមានឯករាជ្យ​ (១៩៥៨) ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក (១៩៦៤) សំណង់ «ផ្ទះ១០០» ដែល​ត្រូវ​បាន​សាង​សង់​សម្រាប់​បុគ្គលិក​ធនាគារ​ជាតិ​កម្ពុជា​ស្នាក់នៅ​ (១៩៦៥-១៩៦៧)  វិមាន​រដ្ឋ​ចំការមន សាល​មហោស្រព​ជាតិ​សុរាម្រឹត (សាល​​មហោស្រព​នេះ​ត្រូវ​​ភ្លើង​ឆេះ​ កាល​ពី​ឆ្នាំ​១៩៩៤ ហើយ​​ មហោស្រព​នេះ​មិន​ដែល​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ឡើយ​ កសាង​១៩៦៨​) ​មហា​វិទ្យាល័យ​​​បណ្ដុះបណ្ដាល​គ្រូបង្រៀន​​ ​​នៃ​​វិទ្យាស្ថាន​ភាសាបរទេស (សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ) ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ SKD ខេត្ត​ព្រះ​សីហនុ​។
សាល​សន្និសីទ​ចតុមុខ (១៩៥៨)
វិមានឯករាជ្យ (១៩៥៨)

ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក (១៩៦៤)
វិមាន​រដ្ឋ​ចំការមន (១៩៦៦)

អគារ​​គណរដ្ឋ​មន្ត្រី ចាស់

មហាវិទ្យាល័យ បណ្ដុះបណ្ដាល​គ្រូបង្រៀន​នៃ វិទ្យាស្ថាន​ភាសាបរទេស (១៩៧២)

សាល​មហោ​ស្រព​សុរាមរិត​ (១៩៦៨)​

ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ​ SKD ​ខេត្ត​ព្រះ​សីហនុ​ (១៩៦៨)
ប្រភព៖ Wikipedia និង​ fcccambodia

No comments:

Post a Comment