ការស្លាប់ពីអំណាច និង អ្នកខ្លះស្លាប់តែហោងទាំងជីវិត របស់ពួកមេដឹកនាំផ្ដាច់ការនៅប្លុកអារ៉ាប់រហូតមកដល់ពេលនេះ ទិដ្ឋភាពនោះ នៅតែមានឥទ្ធិពល មកលើអារម្មណ៍របស់នាយករដ្ឋមន្រ្តីខ្មែរហ៊ុន សែន ។ នោះគឺការនៅតែបន្តធ្វើឲ្យនាយករដ្ឋមន្ត្រីរូននេះទទួលរងការ ភ័យខ្លាច ។
នៅក្នុងសេចក្ដីថ្លែងឯពិធីបើកឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិ លេខ៣ ពីភ្នំពេញទៅកំពត ដែលបានពីប្រាក់កម្ចីប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារម្សិល មិញ ហ៊ុន សែន ដែលបានគ្រប់គ្រងអំណាចក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំ ដែលមជ្ឈដ្ឋានខ្លះបានរិៈគន់ថា ហាក់ដូចជាដុំពពកដ៏កខ្វក់ ដែលបានបាំងបិទប្រទេសនេះ នោះ បានព្រមានចាត់ការប្រឆាំងតាមតុលាការរបស់ខ្លួន ចំពោះអ្នកទាំងឡាយណា ដែលបានប្រដូចរូបខ្លួន ទៅនឹងមេដឹកនាំ ផ្ដាច់ការនិងពុករលួយនៅប្លុកអារ៉ាប់ដែលទើបត្រូវបានព្យុះ បដិវត្តន៍ប្រជាជនបោកបណ្ដេញកាលពីពេលថ្មីៗនេះ។
ហ៊ុន សែន បានលើកឡើងដូច្នេះថា មានអ្នកខ្លះបានប្រដូចខ្ញុំទៅនឹង បេនអាលី នៅទុយណេស៊ី ហើយអ្នកខ្លះ បានប្រដូចទៅនឹង ហូស្នីមូបារ៉ាក់ នៃ ប្រទេសអេហ្ស៊ីប ។ ប៉ុន្តែអ្វីដែលធ្វើឲ្យនាយករដ្ឋមន្ត្រីរូបនេះមានភាពតក់ស្លុត ខ្លាំងនោះ គឺ ការប្រដូច ទៅនឹង ហ្គាដាហ្វី នៃប្រទេសលីប៊ី ដែលត្រូវបានចលនាមហាជនបាញ់ឲ្យស្លាប់តៃហោង កាលពីថ្ងៃទី២០តុលាកន្លងទៅថ្មីៗនេះ ។ ដោយបាននិយាយថា ” ខ្ញុំខ្លោចចិត្កណាស់ ក្នុងឋានៈជាមេដឹកនាំមួយ គេបែរជាប្រដូចខ្ញុំទៅនឹងហ្គា ដាហ្វី…”។
ដោយ ហ៊ុន សែន ហាក់បានខ្វល់ខ្វាយចំពោះការសម្លាប់ ហ្គាដាហ្វី ថា ជារឿងខុសច្បាប់ ។ គាត់នេះបានលើកឡើងថា ជាការសម្លាប់ខុសច្បាប់ ,បើទោះបីជាឈ្លើយសឹក ក៏គេតម្រូវឲ្យមានការកាត់ទោសតាមច្បាប់ដែរ , ដោយពុំបាននឹកដល់ការស្លាប់យ៉ាងអាណោចអាធ័ម របស់ជនស៊ីវិលលីប៊ីរាប់ម៉ឺននាក់ ដែលត្រូវបាន ហ្គាដាហ្វី បញ្ជាឲ្យទាហានស៊ីឈ្នួលរបស់ខ្លួន បាញ់ប្រហារដ៏អមនុស្សធម៌តាមរបៀបឆៅៗឡើយ ។ ដែលរបៀបនេះបើគេចាំមិនភ្លេចទេ គឺដូចគ្នាបេះបិទទៅនឹងព្រឹត្តិការណ៍ដ៏យង់ឃ្នងកាលពីអំឡុងឆ្នាំ ១៩៩៨ ដែល ហ៊ុន សែន បានបញ្ជាកម្លាំងឲ្យធ្វើការបាញ់រះយ៉ាងអស់ដៃទៅលើក្រុមបាតុករ ដែលប្រឆាំងខ្លួន ដោយពុំបានគិតថា ជាគ្រហស្ថ ឬ ព្រះសង្ឃឡើយ នៅគ្រានោះ។ យ៉ាងនេះហើយ បានជា ហ៊ុន សែន ចេះតែបារម្ភខ្លាច កម្មពៀរវេរានោះ បកត្រឡប់មករកខ្លួនវិញ ដូច ហ្គាដាហ្វី , ហើយមិនចង់ឲ្យ មានការរំឭក នៅពេលដែលខ្លួនកំពុងងប់ពុលនឹងអំណាចនាពេលនេះ ។
ជាការសម្រាលកំហុសខាងសម្បជញ្ញៈ ចំពោះការដឹកនាំប្រទេសផ្ទុយចាកឆ្ងាយពីគោលការប្រជាធិបតេយ្យនោះ ហ៊ុន សែន បានលើកឡើងថា ពួកមេដឹកនាំនៅប្លុកអារ៉ាប់ ដែលត្រូវបានបណ្តេញចេញទាំងនោះ គឺ ការឡើងកាន់អំណាចរបស់ពួកគេ មានដែលឆ្លងកាត់ការបោះឆ្នោតឯណា ? ដោយពុំបាននិយាយលើកឡើងដល់លទ្ធផល ដែលបានមកពីការបោះឆ្នោតមួយដោយខ្វះ សុចរិតភាពគឺជាការបំពានរំលោភដល់គោលការប្រជាធិបតេយ្យដែរទេ ។
ថែមលើនេះ ហ៊ុន សែន បានផ្ដល់និយមន័យ អំពីពាក្យប្រជាធិបតេយ្យ តាមខ្លួនយល់ ជារបៀបកេលកុង យកចំណេញ ទាំងមុខស្ងួតថា គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមានចំណីអាហារ និងសិទ្ធិ ទទួលបានការព្យាបាល ។ ប៉ុន្តែបើទោះបីជាចំណុចទាំងអស់នេះ ជាផ្នែកតូចៗនៃការអនុវត្តន៏គោលការប្រជាធិបតេយ្យ ដែលត្រូវបានលើកមកនិយាយឲ្យពិរោះស្ដាប់ក្ដី តែវាមិនមែនជាស្នូលនៃការអនុវត្តន៏គោលការប្រជាធិបតេយ្យឡើយ ។ ហើយអ្វីដែលសំខាន់ក្នុងការអនុវត្តតាមគោលការប្រជាធិបតេយ្យនោះ គឺការឆ្លាស់អំណាច ។ ពោលគឺនៅក្នុងប្រទេសប្រជាធិបតេយ្យ គេមិនអនុញ្ញាត ឲ្យមេដឹកនាំប្រទេសនៅស្អុយក្នុងអំណាចលើសពី២អាណត្តិ ឬ១០ឆ្នាំឡើយ ។ តួយ៉ាងដូចជានៅអាមេរិក , អង់គ្លេស , អូស្រ្តាលី នឹង ថៃ ដែលនៅ ជាប់របងយើងនេះ ក្ដី ។
ដូច្នេះការគ្រប់គ្រងអំណាចរបស់ ហ៊ុន សែន គឺផ្ទុយខុសទាំងស្រុង ទៅនឹងគោលការប្រជាធិបតេយ្យ ។ ហើយបើដូចគ្នា គឺដូចទៅនឹង បេនអាលី , ហូ ស្នីមមូបារ៉ាក និង ហ្គាដាហ្វី ទៅ វិញ ដែលម្នាក់ៗ សុទ្ធតែបង្ខាំងខ្លូនឲ្យស្អុយក្នុងអំណាច ក្នុងរង្វង់ពី៣០រហូត៤០ឆ្នាំ ហើយរហូតដល់មានការទាញ.កទម្លាក់ពីកៅអីអំណាចយ៉ាងថោកទាបបំផុត ។ យ៉ាងនេះហើយបានជាការដួលរលំនៃអំណាច របស់ពួកមេដឹកនាំផ្ដាច់ការនិងពុករលួយនៅប្លុកអារ៉ាប នៅតែជានិម្មិតរូបធ្វើឲ្យ ហ៊ុន សែន ភ័យខ្លាចនោះ ! ៕