Monday, October 17, 2011

ទស្សន​វិស័យ​វែង​ឆ្ងាយ និង​ប្រសើរ​បំផុត​របស់​វិនិយោគិន​ជា​ស្ត្រី​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា





ចំពោះ​ធុរជន​ជា​ស្ត្រី​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា វា​ពិត​ជា​លំបាក​ណាស់​ក្នុង​ការ​ស្វែង​រក​មនុស្ស​ម្នាក់​ ដែល​មាន​ទំនាក់​ទំនង​ល្អ ទទួល​បាន​ការ​គោរព​ និង​ជោគ​ជ័យ​ជាង លោក​ស្រី លឹម ឈីវ​ហូ ដែល​ជា​សមាជិក​ត្រកូល​លឹម​ពិភព​លោក​ និង​ជា​មនុស្ស​ម្នាក់​ដែល​មាន​ប្រវត្តិ​ជោគ​ជ័យ​ពិត​ប្រាកដ​នៅ​ប្រទេស​ កម្ពុជា​។
លោក​ស្រី លឹម ឈីវហូ បាន​រួច​ជីវិត​ពី​របប​ខ្មែរ​ក្រហម ដែល​គេ​ប្រើ​ឲ្យ​គាត់​កាប់​ដី​ស្រែ​នៅ​តំបន់​ជន​បទ​មួយ ​ហើយ​គាត់​ដឹង​ថា នឹង​ត្រូវ​គេ​បាញ់​សម្លាប់​ប្រសិន​បើ​គាត់​ ឈប់​ធ្វើ​ការ។ លោក​ស្រី ​បាន​បាត់​បង់​សមាជិក​គ្រួសារ​ពាក់​កណ្តាល តែ​បច្ចុប្បន្ន​ លោក​ស្រី​​គឺ​ជា​កម្លាំង​​នាំ​មុខ​មួយ​រូប​ក្នុង​ការ​កែ​ប្រែ ស្តារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា។
លោក​ស្រី បាន​ចាប់​ផ្តើម​ប្រកប​មុខ​របរ​តាម​ទូក​ទៅ​មក​ជាមួយ​នឹង​កប៉ាល់​នៅ​សមុទ្រ​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កង​ប្រដាប់ ​អាវុធ​នៅ​ឡើយ ដោយ​នាំ​យក​នូវ​សម្ភារ​ផ្គត់​ផ្គង់​ជា​ច្រើន ដូច​ជា​ស្រា​វីស្គី និង​បារី ព្រម​ទាំង​មាន​ទំនាក់​ទំនង​មិត្ត​ភកិ្ត​ក្នុង​ជួរ​ទាហាន​ប្រដាប់​អាវុធ ដោយ​ចម្អិន​ម្ហូប និង​ដាំ​បាយ​ឲ្យ​ទាហាន​ទាំង​នោះ ហើយ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក គាត់​បាន​កសាង​កេរ្តិ៍​ឈ្មោះ​ល្អ និង​ជា​អ្នក​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​ពិភព​អ្នក​ជំនួញ​នៅ​កម្ពុជា​។
លោក​ស្រី លឹម ឈីវហូ ជា​អគ្គ​នាយក​ក្រុម​ហ៊ុន អិល ស៊ី អេច អ៊ីន​វេស​មិន គ្រូប និង​ជា​អគ្គ​នាយក​គ្រប់​គ្រង​នៅ​ក្រុម​ហ៊ុន​ អេតវូដ នីហរ័ណ អាហរ័ណ​ ដែល​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​នាំ​ចូល​ស្រា​ម៉ាក Hennessy ស្រា Johnny Walker និង​ស្រា​បៀរ Heineken នៅ​កម្ពុជា​។
លោក​ស្រី​ ក៏​ជា​ប្រធាន​ក្រុម​ហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ ​ដែល​ជា​តំបន់​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​មួយ​ស្ថិត​នៅ​ខាង​ក្រៅ​រាជ​ ធានី​ភ្នំពេញ និង​ជា​តំបន់​ដែល​​ក្រុម​ហ៊ុន​បរទេស​អាច​រៀប​ចំ និង​ប្រតិបត្តិការ​រោង​ចក្រ​របស់​ខ្លួន​បាន​យ៉ាង​ឆាប់​រហ័ស និង​ងាយ​ស្រួល​​ ដោយ​មាន​ការ​ផ្គត់​ផ្គង់​អគ្គិសនី និង​ទឹក​ជា​ប្រចាំ និង​មាន​របងការ​ពារ​ព័ទ្ធ​ជុំ​វិញ​តំបន់​នោះ ដែល​ក្រុម​ហ៊ុន​ទាំង​នោះ អាច​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ងារ​របស់​ខ្លួន ដោយ​ពុំ​ចាំ​បាច់​ព្រួយ​បារម្ភ​អំពី​ចោរ​ឡើយ​។
លោក​ស្រី កំពុង​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ស្ទឹង​ហាវ ក្នុង​ខេត្ត​ព្រះ​សីហនុ​។ លោក​ស្រី ​គឺ​ជា​អគ្គនាយក​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ​ ដែល​មាន​ឈ្មោះ​ថា អិល ស៊ី អេច អ៊ីនវេស​មិន គ្រូប ដែល​បាន​អភិវឌ្ឍ​អគារ​ការិយាល័យ​របស់​លោក​ស្រី​នៅ​មជ្ឈ​មណ្ឌល អេតវូដ ដែល​មាន​ទី​តាំង​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ឆ្ពោះ​ទៅ​កាន់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ពោល​គឺ​ជា​អគារ​មួយ ដែល​មាន​សាខា​ធនាគារ​បី​ ភោជនីយដ្ឋាន​ពីរ ហាង KFC និង​កន្លែង​ស្តាប់​ភ្លេង​មួយ​។
ក្រុម​ហ៊ុន អេតវូដ អ៊ីនវេសមិន ក្រុម ​ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ អិល ស៊ី អេច ស៊ីអ៊ី ម៉ូប៉ៃយល៍ អិលធីឌី ដែល​ជា​ក្រុម​ហ៊ុន​ទទួល​បាន​សិទ្ធិ​ចែក​ចាយ​ទូរស័ព្ទ​ដៃម៉ាក Samsung ហើយ​លោក​ស្រី លីម ឈីវយី ដែល​ជា​ប្អូន​ស្រី​របស់​លោក​ស្រី គឺ​ជា​អ្នក​ទទួល​ចែក​ចាយ​ផ្តាច់​មុខ​នូវ​គ្រឿង​អេឡិច​ត្រូនិក​ម៉ាក Phillips នៅ​កម្ពុជា។
លោក​ស្រី លីម បាន​ចំណាយ​ពេល​វេលា​របស់​លោក​ស្រី​ជា​មួយ​នឹង​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍ កាល​ពី​សប្តាហ៍​មុន ដើម្បី​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​លោក​ស្រី​ចំពោះ​អនាគត​កម្ពុជា។
លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​៖​«​កម្ពុជា​ គឺ​ជា​កន្លែង​វិនិយោគ​ដ៏​ល្អ​មួយ ដោយ​សារ​ទីផ្សារ​កម្ពុជា បើក​ចំហ​​យ៉ាង​ខ្លាំង ហើយ​ឥឡូវ​នេះ គឺ​ជា​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ ផលិតកម្ម ទេសចរណ៍ ឬ​ហេដ្ឋា​រចនា​សម្ព័ន្ធ​»។
ក្រោយ​ពី​បាន​រួច​ជីវិត​ពី​អតីតកាល​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច និង​បាន​ធំ​ដឹង​ក្តី​ ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​អភិវឌ្ឍ លោក​ស្រី​ លីម មាន​បំណង​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដឹង​ថា នៅ​ពេល​នេះ កម្ពុជា​ គឺជា​កន្លែង​ដែល​មាន​សុវត្ថិភាព កក់ក្តៅ និង​បើក​ចំហ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​។
លោក​ស្រី បាន​មាន​ប្រសាសន៍​ថា៖​ «​កម្ពុជា​ មាន​សុវត្ថិភាព​ណាស់។ ពុំ​មាន​ការ​បាញ់​បោះ​នៅ​ទី​នេះ​ទៀត​ទេ។ វិនិយោគិន​ធំ​ៗ អាច​មក​កម្ពុជា ដែល​បច្ចុប្បន្ន​គឺ​ជា​កន្លែង​ដ៏​ល្អ​មួយ​​ក្នុង​ពិភពលោក​ដើម្បី​វិនិយោគ​»។
នៅ​ព្រឹក​ថ្ងៃ​ដដែល​នៅ​ពេល​ធ្វើ​បទ​សម្ភាស​នេះ លោក​ស្រី លីម បាន​ទទួល​ស្វាគមន៍​វិនិយោគិន​ជន​ជាតិ​ថៃ​មួយ​រូប ដែល​មក​ពី​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផលិត​អាហារ​ធំ​ៗ​របស់​ថៃ ដែល​កំពុង​ពិនិត្យ​មើល​ការ​ដំឡើង​រោង​ចក្រ​កែ​ច្នៃ​អាហារ​ធំ​មួយ​នៅ​ទី​នេះ។ វិនិយោគិន​រូប​នេះ បាន​បង្ហាញ​ពី​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព និង​ស្ថិរភាព​នៅ​កម្ពុជា​នាពេល​នេះ​»។
លោក​ស្រី​មាន​ប្រសាសន៍​ថា​៖ ​«​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ជឿ​ជាក់​ថា ​អនាគត​កម្ពុជា​នឹង​កាន់​តែ​ល្អ​ប្រសើរ​»។
លោក​ស្រី​បន្ថែម​ថា៖​«​លោក​ស្រី​ក៏​យល់​ដូច​វិនិយោគិន​រូប​នេះ​ដែរ។ យើង​ស្វាគមន៍​គាត់ និង​រោង​ចក្រ​របស់​គាត់​នៅ​ទីនេះ​»។
លោក​ស្រី​ លីម ​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ឲ្យ​កាន់​តែ​ប្រសើរ​ផង​ដែរ។
លោក​ស្រី​ លីម សង្ឃឹម​ថា តម្លៃ​អគ្គិសនី​ នឹង​ធ្លាក់​ចុះ​នា​ពេល​អនាគត និង​មាន​មន្ទីរ​ពេទ្យ​ ព្រម​ទាំង​សាលា​រៀន​កាន់​តែ​ច្រើន​ថែម​ទៀត​។ ក្នុង​នាម​ជា​ធុរជន​ដ៏​ជោគ​ជ័យ​មួយ​រូប លោក​ស្រី ប្តេជ្ញា​ថា​នឹង​បន្ត​អភិវឌ្ឍ​វិទ្យាស្ថាន​អប់រំ​សម្រាប់​បណ្តុះ​បណ្តាល​កូន ​ខ្មែរ​ឲ្យ​កាន់​តែ​ជោគ​ជ័យ​ ព្រម​ទាំង​មន្ទីរ​ពេទ្យ​ល្អៗ​ថែម​ទៀត ដោយ​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​មរតក​របស់​លោក​ស្រី​។
លោក​ស្រី​មាន​ប្រសាសន៍​ថា​៖«​ខ្ញុំ​ក៏​ចង់​ឲ្យ​តម្លៃ​ថាមពល​នៅ​កម្ពុជា​ ថោក ដែរ​»​។​ នៅ​ចុង​បញ្ចប់​នេះ លោក​ស្រី​ លីម ក៏​ទទួល​បាន​សម្បទាន​មួយ​​ ដើម្បី​សាង​សង់​រោង​ចក្រ​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម​ ដែល​មាន​កម្លាំង​៩០​មេហ្គាវ៉ាត់​ផង​ដែរ។
លោក​ស្រី​បន្ត​ថា​៖ ​«​កម្ពុជា ​ជា​ទីផ្សារ​​បើក​ចំហ​មួយ ហើយ​នៅ​ពេល​អនាគត​នឹង​ក្លាយ​ជា​កន្លែង​ដ៏​ល្អ​មួយ​ផង​ដែរ។ សូម​កុំ​បារម្ភ ខ្ញុំ​ចង់​ប្រាប់​ទៅ​វិនិយោគិន​បរទេស​ទាំង​អស់​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​។ ចាប់​ពី​ពេល​នេះ​ទៅ កម្ពុជា​ពិត​ជា​​កន្លែង​វិនិយោគ​ដ៏​ល្អ និង​មាន​សុវត្ថិភាព​ណាស់»​។
អាថ៌កំបាំង​នៃ​ភាព​ជោគ​ជ័យ​របស់​លោក​ស្រី លីម គឺ​ត្រូវ​គ្រប់​គ្រង​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ​។ លោក​ស្រី​មាន​ប្រសាសន៍​ថា​៖ ​«​ដើម្បី​ទទួល​បាន​ជោគជ័យ​ អ្នក​ត្រូវ​គ្រប់​គ្រង​នូវ​មធ្យោបាយ​ ដែល​អ្នក​ជួយ​ដល់​បុគ្គលិក​ និង​​វិធី​ជួយ​ដល់​ក្រុម​ហ៊ុន​របស់​អ្នក​»។
កត្តា​សំខាន់​មួយ​ទៀត​គឺ​ការ​ទុក​ចិត្ត​។
លោក​ស្រី​មាន​ប្រសាសន៍​ថា​៖​​ «​ប្រសិន​បើ​បុគ្គលិក​របស់​ខ្ញុំ​ពុំ​ជឿ​ជាក់​ចំពោះ​ខ្ញុំ តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ដោយ​របៀប​ណា? ដូច្នេះ ខ្ញុំ​ត្រូវ​តែ​ជា​មនុស្ស​ម្នាក់​ដែល​អាច​ទុក​ចិត្ត​បាន ដើម្បី​ឲ្យ​បុគ្គលិក​របស់​ខ្ញុំ​ជឿ​ជាក់​ចំពោះ​ខ្ញុំ​»។​ លោក​ស្រី​ថ្លែង​ថា​៖​ ​«​ចំពោះ​ការ​បណ្តុះ​បណ្តាល​បុគ្គលិក​របស់​ខ្ញុំ វា​ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​ធ្វើ​ចំពោះ​មិត្ត​ភកិ្ត និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ ពោល​គឺ គិត​ជាមួយ​គ្នា ធ្វើ​ការ​ជាមួយ​គ្នា និង​ញ៉ាំ​បាយ​ជាមួយ​គ្នា​។ នេះ​ជា​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​មិន​ដែល​ផ្លាស់​ប្តូរ​ទេ​»៕​BP

No comments:

Post a Comment